ចិន បើកចំហរវិស័យវេជ្ជសាស្ត្រនិងផលិតកម្មដល់វិនិយោគិនបរទេស ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច

Oplus_131072

(ប៉េកាំង)៖ ប្រទេសចិននឹងអនុញ្ញាតឱ្យវិនិយោគិនបរទេសបង្កើតនិងគ្រប់គ្រងកម្មសិទ្ធិមន្ទីរពេទ្យទាំងស្រុងនៅក្នុងទីក្រុងធំៗមួយចំនួន និងអនុញ្ញាតឱ្យពួកគេផ្តល់សេវាព្យាបាលកោសិកាដើមនិងហ្សែនរបស់មនុស្ស (human stem cell and gene) ក្នុងតំបន់ពាណិជ្ជកម្មសេរីសាកល្បង ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនាំយកមកវិញនូវការវិនិយោគបរទេសនិងរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច។

Oplus_131072

កាសែត China South Morning Post បានរាយការណ៍ដោយដកស្រង់សារាចរមួយដែលចេញផ្សាយរួមគ្នាកាលពីថ្ងៃអាទិត្យដោយក្រសួងពាណិជ្ជកម្មចិន គណៈកម្មការសុខភាពជាតិ និងរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិរបស់ប្រទេសចិនថា វិនិយោគិនបរទេសនឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ធានជីន សៀងហៃ ណានជីង ស៊ូចូវ ហ្វូចូវ ក្វាងចូវ ក្រុងសិនជិន និងកោះហៃណានស្ថិតណៅភាគខាងត្បូង។

ទោះយ៉ាងណា បើយោងតាមសារាចរណ៍រួមនេះបានឱ្យដឹងថា វិនិយោគិនបរទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យទិញមន្ទីរពេទ្យរដ្ឋ ឬបើកអាជីវកម្មទាក់ទងនឹងឱសថបុរាណចិននោះឡើយ។ សារាចរនេះបានឱ្យដឹងទៀតថា លក្ខខណ្ឌតម្រូវនិងនីតិវិធីលម្អិតនឹងត្រូវចេញផ្សាយនៅពេលក្រោយ។

កាសែត China South Morning Post បានរាយការណ៍ទៀតថា វិស័យជីវបច្ចេកវិទ្យាក៏នឹងត្រូវបានបើកចំហបន្ថែមផងដែរទៅកាន់ការវិនិយោគបរទេសនៅក្នុងតំបន់ពាណិជ្ជកម្មសេរីសំខាន់ៗនៃទីក្រុងប៉េកាំង សៀងហៃ ខេត្តក្វាងទុង និងខេត្តហៃណាន។

បើយោងទាមសារចរដែលមានប្រសិទ្ធភាពភ្លាមៗនេះ ក្រុមហ៊ុនដែលផ្តល់មូលនិធិពីបរទេសនឹងត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចការស្រាវជ្រាវ និងអនុវត្តកម្មបច្ចេកវិទ្យារោគវិនិច្ឆ័យកោសិកាដើម (stem cell) និងហ្សែនរបស់មនុស្ស និងផ្តល់សេវាព្យាបាលដែលពាក់ព័ន្ធ។ ពួកគេក៏អាចស្នើសុំការចុះបញ្ជីទីផ្សារ និងអាជ្ញាប័ណ្ណផលិតកម្មទ្រង់ទ្រាយធំដែលនឹងអនុវត្តនៅទូទាំងប្រទេសផងដែរ។

ការបើកចំហររបស់ទីក្រុងប៉េកាំងនេះបានកើតឡើងតិចជាងពីរខែបន្ទាប់ពីមេដឹកនាំកំពូលនៃបក្សកុម្មុយនិស្តបានសន្យាថានឹងបើកចំហរទីផ្សារបន្ថែមទៀតនៅឯកិច្ចប្រជុំពេញអង្គលើកទី៣ ដ៏សំខាន់របស់ពួកគេ។ វិធានការនេះក៏បានកើតឡើងផងដែរនៅពេលដែលឧបនាយករដ្ឋមន្ត្រីលោក He Lifeng បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកសាងប្រព័ន្ធសេដ្ឋកិច្ចកម្រិតខ្ពស់បើកចំហថ្មីមួយ។

លោក He Lifeng បានថ្លែងទៅកាន់ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មនៅទីក្រុងសៀមិន ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិនកាលពីថ្ងៃអាទិត្យថា៖ «ការវិនិយោគបរទេសជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញទំនើបកម្មរបស់ប្រទេសចិន»