មេបក្សប្រឆាំងវេណេស៊ុយអេឡាភៀសខ្លួនទៅអេស្ប៉ាញ ក្រោយការចោទប្រកាន់ពីរដ្ឋាភិបាល

(ម៉ាដ្រីឌ)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Edmundo Gonzalez បានភៀសខ្លួនទៅប្រទេសអេស្ប៉ាញ ដើម្បីស្វែងរកសិទ្ធិជ្រកកោន ក្រោយការចោទប្រកាន់ពីបទសមគំនិត និងឧក្រិដ្ឋកម្មផ្សេងទៀតពីអាជ្ញាធរវេណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

លោក Gonzalez ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែកក្កដា។ ការចាកចេញរបស់លោកបានកើតឡើងក្រោយការចោទប្រកាន់ពីបទសមគំនិត និងឧក្រិដ្ឋកម្មផ្សេងទៀត។

សហភាពអឺរ៉ុបបានរិះគន់ការចាកចេញរបស់ លោក Gonzalez ដោយចាត់ទុកថាជា «ថ្ងៃសោកសៅសម្រាប់លទ្ធិប្រជាធិបតេយ្យ» នៅវេណេស៊ុយអេឡា។ ផ្ទុយទៅវិញ រដ្ឋាភិបាលវេណេស៊ុយអេឡាបានអះអាងថា ការចាកចេញរបស់លោក Gonzalez គឺជាជំហានមួយឆ្ពោះទៅរកការស្ដារ «សន្តិភាពនយោបាយ» នៅក្នុងប្រទេស។

លោក Gonzalez បានហោះហើរចេញពីទីក្រុង Caracas តាមយន្តហោះរបស់កងទ័ពអាកាសអេស្ប៉ាញ បន្ទាប់ពីស្វែងរកសិទ្ធិជ្រកកោននៅស្ថានទូតអេស្ប៉ាញក្នុងរដ្ឋធានីមួយនេះ។ គណបក្សប្រឆាំងរបស់វេណេស៊ុយអេឡាអះអាងថា លោក Gonzalez បានឈ្នះការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែលោកប្រធានាធិបតី Maduro បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថា មានផែនការបំផ្លិចបំផ្លាញរដ្ឋាភិបាលរបស់លោក៕