បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀន ៨៧៣០,២៨ក្រាម

ភំ្នពេញ ៖ កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំង គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប៨៧៣០.២៨ក្រាម នៅមន្ទីរប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅ ២គោលដៅផ្សេងគ្នា ក្នុងរាជធានីភំ្នពេញ។

តាមរបាយការណ៍ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបករណីកែច្នៃជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅវេលាម៉ោង២០ និង៤០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាប នៅ ២គោលដៅផ្សេងគ្នា គោលដៅទី១ ៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ ៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន ៖ ១- ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។ ២- ឈ្មោះ HE YI RI ភេទប្រុស កើត 16.06.1964 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394។ ៣- ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន និងទី៤- ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។ ចំណែកវត្ថតាងរួមមាន ៖ ១.សារធាតុញៀនសរុប ទម្ងន់៧៣០៧.១២ក្រាម ដោយក្នុងនោះមានកេតាមីន (Ketamine) ៥០៩៤.៥១ក្រាម, ម៉េតំហ្វេតាមីន (ICE) ២១៨៤.៥៥ក្រាម, ហេរ៉ូអ៊ីន (Heroin) ០.៣១ក្រាម, អ៊ិចស្តាស៊ី (MDMA) ២៥.៧៥ក្រាម។ សារធាតុគីមីផ្សំចំនួន១០៩គីឡូ ៥១៩.២០ក្រាម

សារធាតុគីមីផ្សំ៤ប្រភេទ (ស្ថិតក្នុងតារាង៤) ១៦គីឡូ ៤៩០.៣៨ក្រាម។ សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ៩៣គីឡូ ០២៨.៨២ក្រាម។

តាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើតេស្ត និងបូកសរុបចុងក្រោយ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០បាន ឲ្យដឹងថា ៖ ១.ថ្នាំញៀនប្រភេទ Ice ក្រាម សរុប ២១០៧,២៣ក្រាម។ ២.ថ្នាំញៀនប្រភេទ Ice រាវ សរុប៦៥,៤២ក្រាម។ ៣.ថ្នាំញៀនប្រភេទ Wy គ្រាប់ សរុប១៣,៩០ក្រាម។ ៤.កាតាមីន សរុប៥០០២,១០ក្រាម។ ៥.ថ្នាំគ្រាប់ MDMA៥,៤៥ក្រាម។ ៦.ក្រាមពណ៌កាហ្វេ MDMA២០,៣០ក្រាម។ ៧.ម្សៅសហេរ៉ូអ៊ីន០,៣១ក្រាម។ ៨.Clanazolam (ម្សៅពណ៌លឿង) ០,៧៦ក្ររាម។ ៩.MDP2P (ម្សៅស) ៨០០,៨២ក្រាម។ ១០.(ក្រាមសភ្លឺ) Methylamine Hcl ៦២១,៥៨ក្រាម សរុបមានទម្ងន់៨៧៣០.២៨ក្រាម ។

តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ជនសង្ស័យបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការចាត់ការនៅថ្ងៃនេះ៕