COVID-19 ៖ ហ្វីលីពីន​មាន​អ្នក​ឆ្លង ​សរុប​កើន​ឡើងដល់​២២,៤៧៤នាក់​

​ហ្វីលីពីន ​៖ ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ថា​មាន​អ្នក​ឆ្លង​ជំងឺ COVID-១៩ ថ្មី​ចំនួន ៥៧៩ ករណី​បន្ថែមទៀត​កាលពី​ថ្ងៃ​ច័ន្ទ ដែលនាំឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​កើន​ឡើងដល់​ចំនួន ២២,៤៧៤ នាក់​។​

​ក្នុងចំណោម ៥៧៩ ករណី​ថ្មី មាន ៣៣១ ករណី ដែល​អ្នកជំងឺ​ទាំងនោះ​ទទួលបាន​លទ្ធផល​តេស្ត ត្រឹមតែ​ក្នុង​រយៈពេល ៣ ថ្ងៃ​ប៉ុណ្ណោះ ខណៈ ២៤៨ ករណី​បាន​ទទួលបាន​លទ្ធផល​តេស្ត​យឺតយ៉ាវ​។​

​លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា ករណី​យឺតយ៉ាវ​នេះ​ព្រោះតែ​មន្ទីរពិសោធន៍​មិនអាច​បញ្ជូន​បញ្ជី​ឈ្មោះ​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​ទាន់ពេលវេលា​។​

អាជ្ញាធរបានឲ្យដឹងថាកាលពីម្សិលមិញមាន​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​ថ្មីៗ​ចំនួន ១០២ នាក់​ផងដែរ ដែលនាំឱ្យ​ចំនួន​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​ឡើងវិញ​សរុប​កើន​ដល់​ទៅ ៤,៦៣៧ នាក់ ខណៈ​ដែលមាន​អ្នកស្លាប់​ថ្មី​ចំនួន ៨ នាក់​ដែល​បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ឡើងដល់ ១,០១១ នាក់​៕