(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថានៅតែមានការគំរាមកំហែង នៃការវាយប្រហារសាជាថ្មីរបស់អ៉ីរ៉ង់ ឬក្រុម Proxy របស់អ៉ីរ៉ង់ ប្រឆាំងអ៉ីស្រាអែល បន្ទាប់ពីក្រុមហេសបូឡា នៅលីបង់ បានបាញ់ស្រោចគ្រាប់រ៉ុក្កែត និងដ្រូនលើអ៉ីស្រាអែល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ បានគំរាមវាយប្រហារលើអ៉ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា ក្នុងទីក្រុងបេរូត ប្រទេស លីបង់ និងមេដឹកនាំហាម៉ាសម្នាក់ ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីចុងខែកក្កដា។ ក្រុមហេសបូឡា ក៏បានអះអាងដែរថាការវាយប្រហាររបស់ខ្លួនលើអ៉ីស្រាអែ លកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ គឺជាការសងសឹក ចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន។
នៅចំពោះមុខក្រុមអ្នកកាសែត អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានកត់សម្គាល់ដូច្នេះថា «យើងបន្តធ្វើការវាយតម្លៃឃើញថានៅតែមានការគំរាមកំហែងនៃការវាយប្រហារ ហើយយើង…នឹងប្រុងជើងការជានិច្ចដើម្បីគាំទ្រដល់ការការពារខ្លួនរបស់អ៉ីស្រាអែល ព្រមទាំងដើម្បីការពារកងកម្លាំងរបស់យើង ប្រសិនបើពួកគេស្ថិតនៅក្រោមការវាយប្រហារ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ យោធាអ៉ីស្រាអែលបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយប្រើប្រាស់យន្ដហោះចម្បាំងជាង ១០០គ្រឿង វាយប្រហារលើគោលដៅច្រើនជាង ២៧០កន្លែង ដោយបានកម្ទេចប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតរបស់ហេសបូឡាជាច្រើនគ្រឿង។ អ៉ីស្រាអែលបានចាត់ទុកថាការវាយប្រហារនេះជាការវាយប្រហារបង្ការទុកជាមុន និងទប់ស្កាត់ការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំពីសំណាក់ហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។
តែព្រមពេលជាមួយគ្នា ក្រុមហេសបូឡា ក៏បានអះអាងដែរថាខ្លួនបានបាញ់គ្រាប់រ៉ុក្កែត និងដ្រូនច្រើនជាង ៣០០គ្រឿង និងគ្រាប់ លើអ៉ីស្រាអែល ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោក Fuad Shukr ជាមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ហេសបូឡា ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើទីក្រុងបេរូត។ បើតាមលោក Ryder សហរដ្ឋអាមេរិក មិនបានចូលរួមក្នុងការវាយប្រហារបង្ការទុកមុនរបស់អ៉ីស្រាអែល ឬក៏ជួយបាញ់ទម្លាក់ដ្រូន និងគ្រាប់រ៉ុក្កែតនោះទេ តែបានផ្ដល់ព័ត៌មានស៊ើបសម្ងាត់មួយចំនួន ឱ្យអ៉ីស្រាអែល៕