(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការលក់ឧទ្ធម្ភាគចក្រ Apache ទៅឱ្យកូរ៉េខាងត្បូង ហើយសន្យាថានឹងចាត់វិធានការ បន្ថែមដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិកម្មរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងក្រោយមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានប្រកាសថាក្រសួងការបរទេសអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ Apache រួមទាំងបរិក្ខារពាក់ព័ន្ធ ទៅឱ្យកូរ៉េខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២៣ ខែសីហានេះបានថ្កោលទោសគម្រោងលក់នេះ និងចាត់ទុកថាជា ទង្វើបង្ករឿង។ «នេះគឺជាទង្វើបង្ករឿងដែលមានចេតនាបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់»។ នេះជាសម្ដីរបស់មន្ត្រីកូរ៉េខាងជើងម្នាក់ដកស្រង់ចេញផ្សាយដោយ KCNA។
មន្ត្រីកូរ៉េខាងជើងរូបនេះដដែល ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថាកំពុងបង្កើនការប្រឈមមុខដាក់គ្នាដោយយោធា និងរុញច្រានតំបន់ទាំងមូលទៅក្នុងហានិភ័យនៃជម្លោះថ្មី មួយ តាមរយៈការផ្គត់ផ្គង់អាវុធទៅឱ្យសម្ព័ន្ធមិត្ត និងប្រទេសជាមិត្តរបស់ខ្លួន។ ដូច្នេះការពង្រឹងសមត្ថភាពការពារខ្លួនរបស់កូរ៉េខាងជើងនឹងត្រូវបង្កើន ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ ព្រមទាំងសន្តិភាពក្នុងតំបន់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា បានប្រកាសឱ្យដឹងថាខ្លួនបានអនុម័តលើការលក់ទៅឱ្យកូរ៉េខាងត្បូង នូវឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ចំនួន ៣៦គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងនោះរួមមានទាំងមីស៊ីល គិតជាទឹកប្រាក់ស្មើនឹងជាង ៣.៥ពាន់លានដុល្លារ។ ការប្រកាសនេះដែរធ្វើឡើងក្នុងថ្ងៃតែមួយដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្បីហ្វឹកហាត់ពីរបៀបទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង។ សមយុទ្ធមានឈ្មោះថា Ulchi Freedom Shield នេះនឹងធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែសីហា៕