កងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ឡាវ ជឿជាក់លើភក្តីភាពរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងទឹកដី, កិច្ចសហប្រតិបត្តិការ CLV ដើម្បីកិច្ចអភិវឌ្ឍន៍ជាតិ មិនធ្វើឱ្យបាត់បង់ទឹកដីឡើយ

Oplus_131072

(ភ្នំពេញ)៖ កងទ័ពកំពុងឈរជើងការពារទឹកដីនៅព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើទឹកចិត្តដ៏ភក្តីភាពរបស់​រាជ​រដ្ឋាភិបាលចំពោះជាតិមាតុភូមិ ជាពិសេសលើកិច្ចការពារទឹកដី។ ឈរលើហេតុផលនេះ កងទ័ព​ដែលកំពុងការពារទឹកដីនៅព្រំដែនឡាវ ហ៊ានធានាអះអាងថា កិច្ចសហប្រតិបត្តិការតំបន់​អភិវឌ្ឍន៍​ត្រីកោណកម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគ​ឦសាន​ប្រទេស ហើយក៏មិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យជាតិនោះឡើយ។

Oplus_131072

ស្ទឹងត្រែង គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤នៅភាគឦសាននៃប្រទេសកម្ពុជា ស្ថិតក្នុងកិច្ច​សហ​ប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ស្ទឹងត្រែង មានស្រុកចំនួន២ជាប់ព្រំដែនប្រទេសឡាវ គឺស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ។ ស្ទឹងត្រែង មិនមានជាប់ព្រំដែនជាមួយ​ប្រទេស​វៀត​ណាមនោះឡើយ។

បច្ចុប្បន្ននេះ នៅមានតំបន់មួយចំនួនក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មិនទាន់បានកំណត់​ច្បាស់​​លាស់នៃបន្ទាត់ព្រំដែនជាមួយប្រទេសឡាវនៅឡើយនោះទេ។ គេនៅចាំបានថា កាលពីខែ​សីហា ឆ្នាំ​២០១៧កន្លងទៅ កងទ័ពឡាវ ក៏បានឆ្លងទន្លេចូលមកទឹកដីកម្ពុជា ក្នុងតំបន់អូរអាឡៃ និងអូរតាង៉ាវ​ផ​​ងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រកម្ពុជា នៅពេលនោះ បានប្រឹងប្រែង​ការ​​ពារ​ទឹកដីនៅតំបន់នោះ ដោយប្រើទាំងធម៌ក្តៅ និង​ធម៌​ត្រជាក់។ ធម៌ក្តៅសម្តេចតេជោ បាន​ប្រើ​កង​ទ័ពខ្មែរឱ្យចល័តទៅតំបន់នោះ ហើយធម៌ត្រជាក់​វិញ សម្តេចតេជោ បានប្រឹងប្រែងចរចាជាមួយ​ថ្នាក់​ដឹកនាំឡាវ ដើម្បីឱ្យឡាវឱ្យដកទ័ពចេញទៅវិញ​ដោយសន្តិវិធី។ ក្រោមការចរចារវាង​សម្តេច​តេជោ និងថ្នាក់ដឹកនាំឡាវនាពេលនោះ កងទ័ពឡាវ ក៏ព្រមចាក់ចេញពីទឹកដីកម្ពុជាក្នុងភូមិសាស្ត្រ​អូរ​អា​ឡៃ និងអូរតាង៉ាវដោយសន្តិវិធីនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិ​ភាគ​ទី១ គឺជាកងទ័ពមួយរូប ស្ថិតនៅក្នុងព្រឹត្តិការណ៍នោះ ហើយកាលនោះជាឧត្តមសេនីយ៍ត្រី មេបញ្ជា​ការវរសេនាធំអន្តរាគមន៍លេខ៤២ យោធភូមិភាគទី១ ក៏ជាអ្នកដែលដឹក​នាំកងទ័ព​ផ្ទាល់យក​ទ្រូងពាំងការពារទឹកដី ប្រឈមជាមួយកងទ័ពឡាវនាពេលនោះ។

តាមរយៈព្រឹត្តិការណ៍នាឆ្នាំ២០១៧នោះ ក្នុងនាមជាប្រតិបត្តិករជួរមុខលើកិច្ចការពារបូរណភាព​ទឹក​ដី លោកឧត្តមសេនីយ៍ មៀច សាមុត បានមើលឃើញយ៉ាងច្បាស់ពីចេតនា និងបេះដូង​ស្នេហា​ជាតិ​ទឹកដីពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំ​ជាច្រើនទៀត។

«ព្រឹត្តិការណ៍មុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលដឹកនាំដ៏ឈ្លៀសវៃ​របស់សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅពេលនោះ បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការ​ពារបូរណ​ភាពទឹកដី បញ្ហាអភិវឌ្ឍន៍ព្រំដែន។ ជាពិសេសក្នុង​ទិស​អូរអាឡៃ អូរតាង៉ាវ ហើយមកដល់​ពេល​នេះកងទ័ពបានឈរជើងនៅទីនោះបានយ៉ាងរឹងមាំ»។ លោកឧត្តមសេនីយ៍ទោ មៀច សាមុត គូសបញ្ជាក់។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត បន្ថែមថា «សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី យកចិត្ត​ទុក​ដាក់ខ្ពស់លើបូរណភាពទឹកដី។ ពេលមានសភាពការណ៍កើតឡើងសម្តេចធិបតី តំណាង​សម្តេច​តេជោ បានចុះទៅផ្ទាល់នៅព្រំដែនអូរអាឡៃ និងអូរតាង៉ាវ»

ក្រោយពេលកើតហេតុការណ៍នាខែសីហា ឆ្នាំ២០១៧ហើយនោះ ក្រោមការប្រតិបត្តិផ្ទាល់របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត កាលនោះជាមេបញ្ជាការរងកងទ័ពជើង​គោកតំណាងដ៌ខ្ពង់​ខ្ពស់​សម្តេច​តេជោ បានជំរុញដល់ការ​កសាងមូលដ្ឋានទ័ពយ៉ាងរឹងមាំនៅតំបន់ព្រំដែន។ បន្ថែមពីលើ​នោះ រាជរដ្ឋាភិបាល ក៏បានសាង​សង់ផ្លូវក្រវាត់ព្រំដែនចាប់ពីទឹកដីស្រុកសៀមប៉ាង រហូតដល់ដល់​ស្រុកបុរីអូរស្វាយសែនជ័យ និង​បាន​សាងសង់ស្ពាន លូ សម្រាប់ឆ្លងទន្លេកុងសម្រាប់​សម្រួល​ការ​ធ្វើដំណើរ ហើយក៏បាន​ផ្តល់​ដី​សម្បទានសង្គមកិច្ច និងធ្វើផ្ទះជូនដល់កងទ័ព និងនគរបាលការពារ​ព្រំដែនជាង៧០០ខ្នងផ្ទះ​ផង​ដែរ។

តាមរយៈការរៀបចំទាំងនេះ រឹតតែស្តែងឱ្យឃើញពីយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល​ក្នុងកិច្ចការពារទឹកដី។ ផ្តើមចេញពីហេតុផលទាំងនេះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បង្ហាញ​​ជំនឿយ៉ាងមុតមាំបំផុតចំពោះភក្តីភាពរបស់សម្តេចតេជោ សម្តេចធិបតី ចំពោះជាតិមាតុ​ភូមិ ដែលគ្មានហេតុផលណាមួយក្នុងការធ្វើឱ្យបាត់បង់ទឹកដីក្រោមកិច្ចសហប្រតិបត្តិការតំបន់​អភិវឌ្ឍន៍​ត្រីកោណដូចការលើកឡើងរបស់ក្រុមប្រឆាំងក្រៅច្បាប់នោះឡើយ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានបង្ហាញជំនឿចិត្តយ៉ាងដូច្នេះ «រាជរដ្ឋាភិបាលរបស់​យើង បានបង្កើតកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ១៩៩៩មក ទើបតែពេលនេះពួកប្រឆាំង​ញុះ​ញង់បំផុសចលនា។ រាជរដ្ឋាភិបាលយើងយកចិត្តទុកដាក់មិនឱ្យបាត់បង់ទេទឹកដី​នៅទូទាំង​ប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ទឹកដីអូរអាឡៃ អូរតាង៉ាវ គឺយើង​ការ​ពារបានទាំងអស់»

ទន្ទឹមនឹងការបង្ហាញភាពជឿជាក់លើភក្តីភាពរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងទឹកដីហើយនោះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត ព្រមទាំងកងទ័ពនៅទូទាំងកងពលតូចអន្តរាគមន៍​លេខ​១២៨ បានប្តេជ្ញាការពារព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រសូត​ចេញពីការបោះឆ្នោតដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាការពារបូរណភាពទឹកដីឱ្យបានគង់វង្សជាដាច់ខាត៕