រុស្ស៉ី អះអាងថាបាញ់កម្ទេចដ្រូនអ៊ុយក្រែន ១០គ្រឿង ដែលប្រុងវាយប្រហារលើទីក្រុងមូស្គូ

Oplus_131072

(មូស្គូ)៖ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់កម្ទេចដ្រូន១០គ្រឿងរបស់អ៊ុយក្រែន ដែលមានគោលដៅវាយប្រហារលើទីក្រុងមូស្គូ នៅថ្ងៃពុធ ទី២១ ខែសីហានេះ ។ នេះជាការបញ្ជាក់របស់ចៅហ្វាយក្រុងមូស្គូ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

នៅក្នុងសារបង្ហោះលើបណ្ដាញ​ Telegram ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថានេះជាការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុងមូស្គូ ដោយប្រើដ្រូន។ តាមលោក Sobyanin ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់កម្ទេចដ្រូន១០គ្រឿង ហើយមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះ នោះទេ។ ការប៉ុនប៉ងវាយប្រហារដោយដ្រូនលើទីក្រុងមូស្គូ កើតមានឡើង ខណៈអ៊ុយក្រែនបានបើកការវាយលុកចូលក្នុងតំបន់ Kursk របស់រុស្ស៉ី ជាទីដែលទីក្រុងកៀវ អះអាងថាកងកម្លាំងអ៊ុយក្រែនវាយដណ្ដើមគ្រប់គ្រងបានជាង ៨០ទីតាំង។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២មក អ៊ុយក្រែនបានប្រើប្រាស់ដ្រូន ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅក្នុងប្រទេសរុស្ស៉ីជារឿយៗ។ កាលពីដើម ខែសីហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានកោតសរសើរកងកម្លាំងរបស់លោក សម្រាប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងក្នុងទឹកដី រុស្ស៉ី ដោយនិយាយថាការវាយប្រហារទាំងនេះអាចនឹងចូលរួមចំណែកនំាទៅរកការបិទបញ្ចប់សង្រ្គាម៕