(បែរឡាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក WHO បាននិយាយថាជំងឺ mpox ឬអុតស្វា មិនថាជាមេរោគបំប្លែងចាស់ ឬថ្មី គឺមិនមែនជា ជំងឺរាតត្បាតសកល ឬក៏ជំងឺកូវីដ១៩ថ្មីនោះទេ ពីព្រោះអាជ្ញាធរសុខាភិបាកដឹងពីរបៀបគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃអង្គារ ទី២០ ខែសីហា លោក Hans Kluge ជានាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបបានគូសបញ្ជាក់ដូច្នេះថា «យើងអាច ហើយត្រូវតែទប់ស្កាត់ mpox ជាមួយគ្នា»។ លោកបន្ថែមថា «រៀបដែលយើងឆ្លើយតបក្នុងពេលបច្ចុប្បន្ន និងនៅប៉ុន្មានឆ្នាំទៅមុខ នឹងក្លាយជាការធ្វើតេស្ដមួយដ៏សំខាន់ សម្រាប់អឺរ៉ុប និងពិភពលោកទាំងមូល»។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីមេរោគបំប្លែងថ្មីនៃជំងឺនេះឈ្មោះ clade Ib បានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាល ទៅកាន់ប្រទេសជិតខាងជាច្រើន។
តាម WHO ជំងឺ Mpox ឬអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានជំងឺ។ ជាធម្មតា ជំងឺនេះមានរោគសញ្ញា ស្រាល តែករណីខ្លះអាចសម្លាប់ជីវិតមនុស្សបាន។ ជំងឺនេះមានរោគសញ្ញាដូចផ្ដាសាយ តែមានឡើងពងបែកនៅស្បែក៕