(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានសន្យាថា ខ្លួននឹងបន្តគាំទ្រចលនាប្រឆាំងនៅឯប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រមុខការទូតចិន ទើបតែបានជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។
មន្រ្តីជាន់ខ្ពស់អាមេរិក២រូប បានជួបតាមប្រព័ន្ធវិដេអូអនឡាញ ជាមួយរដ្ឋាភិបាលស្រមោល NUG របស់មីយ៉ាន់ម៉ា ដែលមានសមាសភាពភាគច្រើនជា អតីតសមាជិកសភា ដែលត្រូវបានទម្លាក់ពីតំណែង អំឡុងរដ្ឋប្រហារយោធាឆ្នាំ២០២១ ព្រមទាំងក្រុមឧទ្ទាមជនជាតិភាគតិចសំខាន់ៗ រួមមាន Karen National Union ជាដើម។ មន្រ្តីជាន់ខ្ពស់អាមេរិកទាំង២រូប ដែលមានវត្តមានក្នុងជំនួបនោះ គឺលោក Tom Sullivan ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្រ្តីការបរទេសអាមេរិក និងលោក Michael Schiffer មន្រ្តីកំពូលទទួលបន្ទុកកិច្ចការអាស៉ី នៅទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់អាមេរិក។
ក្រុមមន្រ្តីអាមេរិកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តពង្រីកការគាំទ្រដោយផ្ទាល់ ក៏ដូចជាការជួយជ្រោមជ្រែង ដល់តួអង្គប្រជាធិបតេយ្យនានា ក្នុងនោះរួមមានទាំងការអភិវឌ្ឍជំហានរឹងមាំ ឆ្ពោះទៅរកការធ្វើអន្តរកាលពេញលេញ នៃអភិបាលកិច្ចស៉ីវិល ដែលគោរពឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមគ្នា ទីក្រុងវ៉ាស៉ីនតោន ក៏បានសង្កត់ធ្ងន់ផងដែរ ពីភាពចាំបាច់ នៃការរក្សាការដាក់សម្ពាធ ទៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ការធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលស៉ីវិល កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងភាពចលចល ហើយកើតមានការប្រយុទ្ធគ្នា រវាងក្រុមឧទ្ទាមនិងកងកម្លាំងរបបសឹក នៅផ្នែកជាច្រើននៃប្រទេសអាស៊ានមួយនេះ ព្រមទាំងបានបំផ្លាញដំណើរការសាកល្បងរយៈពេល១០ឆ្នាំ នៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក៕