(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ហាក់បង្ហាញពីការគាំទ្រឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានលើកឡើងពីគំនិតនេះដែរ ខណៈទាំងបក្សកាន់អំណាច និងបក្សប្រឆាំងដែលអះអាងពីជ័យជម្នះរៀងៗខ្លួន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ ខែកក្កដា ទាត់ចោលគំនិតរៀបចំការបោះឆ្នោតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយរបស់លោក បៃដិន ធ្វើឡើង ក្រោយលោក Lula បាននិយាយថាប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro អាចអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសាជាថ្មី ដែលមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីជាដំណោះស្រាយមួយសម្រាប់វិបត្តិសព្វថ្ងៃ។ សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ការអះអាងជ័យជម្នះរបស់លោក Maduro នោះទេ។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើរូបលោកគាំទ្រឱ្យមានការរៀបចំការបោះឆ្នោតថ្មីក្នុងប្រទេសវ៉េណេស៊ុយអេឡាដែរឬទេ? លោក បៃដិន បានឆ្លើយថា «ខ្ញុំគាំទ្រ»។
ក៏ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយ សេតវិមានតាមរយៈអ្នកនាំពាក្យម្នាក់ ហាក់ចង់កែតម្រូវឡើងវិញនូវការអត្ថាធិប្បាយរបស់លោក បៃដិន ដោយលើកឡើងថា «អ្វីដែលលោក បៃដិនបាននិយាយ គឺចង់សំដៅលើភាពមិនស្អាតស្អំរបស់លោក Maduro»។ អ្នកនំាពាក្យរូបនេះថែមទាំងបានបន្ថែមទៀតផងថា លទ្ធផលបានបញ្ជាក់យ៉ាងច្បាស់ថាបេក្ខជនប្រធានាធិបតីមកពីបក្សប្រឆាំង លោក Edmundo Gonzalez ជាអ្នកទទួលបានជ័យជម្នះ៕