លោក គីម ជុងអ៊ុន និងលោក ពូទីន សន្យាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ នាឱកាសទិវារំដោះកូរ៉េ

Oplus_131072

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តចំពោះការសន្យាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយរុស្ស៉ី នៅក្នុងលិខិត មួយច្បាប់ ផ្ញើទៅកាន់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ខណៈទីក្រុងព្យុងយ៉ាង ប្រារព្ធខួបឯករាជ្យជាតិពីអាណាគមជប៉ុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះបានឱ្យដឹងថាការកត់សម្គាល់របស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុងលិខិតមួយជាការឆ្លើយតបទៅនឹង សារអបអរសាទររបស់លោក ពូទីន កាលពីថ្ងៃទី១៥ ខែសីហា នាឱកាសទិវារំដោះជាតិ។ ក្នុងសារនោះដែរ លោក គីម បានលើកឡើងដូច្នេះថា «មិត្តភាពរវាងកងទ័ព និងប្រជាជន នៃប្រទេសទាំង២ ដែលត្រូវបានពង្រឹងកាន់តែស៊ីជម្រៅ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយសត្រូវរួម នឹងក្លាយជាកម្លាំងជំរុញមួយដ៏ខ្លាំងសម្រាប់ការអភិវឌ្ឍ…ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគ្មានគូប្រៀប»

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងលោក ពូទីន បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលជាលើកទី២ ក្នុងរយៈពេលមិនដល់មួយឆ្នាំ កាលពីខែមិថុនាកន្លងទៅ ក្នុងទីក្រុងព្យុងយ៉ាង ជាទី ដែលមេដឹកនាំទាំង២ បានចុះសន្ធិសញ្ញាយោធាមួយ ក្នុងនោះរួមមានបញ្ចូលទាំងកិច្ចព្រមព្រៀងការពារខ្លួនទៅវិញទៅមកផងដែរ៕