អង្គភាព គេហទំព័រ សារព័ត៌មាន នី ណា ញូស៍
(NI NA NEWS) យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុង ចំពោះការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម
ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជា ឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។ សម្តេចតេជោ បានរំលឹកមិនឱ្យក្រុមប្រឆាំងក្នុងប្រទេស ឆ្លងផុតបន្ទាត់ក្រហម ហើយឈានទៅចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការអំពាវនាវរបស់ពួក ឧទ្ទាមក្រៅច្បាប់ឡើយ។
ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុង
គោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និង មានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាព ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ។
រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការម៉ឺងម៉ាត់ ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្តិសុខ បំផ្លាញសន្តិភាព តាមរយៈការធ្វើបាតុកម្មឬធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីធានាឱ្យប្រជាជនកម្ពុជារស់នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់ពីខាងក្រៅ។
អង្គភាព គេហទំព័រសារព័ត៌មាន នី ណា ញូស៍ (NI NA NEWS)យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើទាំងឡាយ ដែលបង្ករឡើងដោយក្រុមឧទ្ទាមក្រៅ ច្បាប់នៅក្រៅប្រទេស ដូចជាគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់ រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អង្គភាព គេហទំព័រ សារព័ត៌មាន នី ណាញូស៍(NI NA NEWS) យើងខ្ញុំសូមស្នើឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងសូមអំពាវនាវដល់ជនរួមជាតិទាំង អស់ សូមមានស្មារតីប្រុងប្រយ័ត្ន និងថ្កោលទោសចំពោះទង្វើទុច្ចរិតប៉ុនប៉ងញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងបង្ករ អស្ថិរភាពសង្គម បំផ្លិចបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបានបន្ទាប់ពីការបញ្ចប់សង្គ្រាមជាស្ថាពរ ក្រោម នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕