(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម មានមនុស្សចំនួន ៣ក្រុម ដែលមានទស្សនៈផ្សេងគ្នា។ សម្តេចធិបតី បានអះអាងថា ក្រុមទី១ ជាក្រុមអ្នកកង្វល់ និងថាឲ្យដកចេញពីគម្រោងនោះវិញ, ក្រុមទី២ ជាក្រុមយល់ពីតម្លៃ និងឲ្យអភិវឌ្ឍ និងក្រុមទី៣ ជាក្រុមស្ងាត់ស្ងៀម ប៉ុន្តែជាក្រុមធំបំផុត ដែលនៅកណ្តាល ហើយចង់បានការធានាចំនួន ៤គឺ៖ ទី១ ខេត្តទាំង៤ មិនបាត់បង់ទឹកដី, ទី២ កម្ពុជាមិនបាត់បង់អធិបតេយ្យភាព, ទី៣ ធានាអភិវឌ្ឍខេត្តទាំង៤ និងទី៤ មិនចង់ឃើញជាតិខ្មែរបែកបាក់។
ថ្លែងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ដោយសារក្រុមទី៣ ជាក្រុមដែលមានទស្សនៈល្អជាងគេ និងមានចំនួនច្រើនបំផុត ហេតុនេះហើយ រាជរដ្ឋាភិបាលត្រូវតែស្តាប់តាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿង CLV – DTA ប្រជាពលរដ្ឋខ្លះថា យើងមិនស្តាប់គាត់។ រាជរដ្ឋាភិបាលស្តាប់ហើយ ពីកង្វល់រួមគ្នាមិនថាពីអ្នកគាំទ្រ និងមិនគាំទ្រ ប៉ុន្តែសំណួរសួរថា ជាប្រជាពលរដ្ឋក្រុមណា។ យើងមានប្រជាពលរដ្ឋ ៣ក្រុម។ ក្រុមទី១ គឺក្រុមអ្នកកង្វល់ ថាឲ្យដកចេញវិញមក, ក្រុមទី២ គឺក្រុមយល់ពីតម្លៃ និងឲ្យអភិវឌ្ឍ។ ឥលូវយើងស្តាប់ក្រុមណា (បើពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋដូចគ្នា)? សំខាន់ក្រុមទី៣ ជាក្រុមស្ងាត់ស្ងៀម ប៉ុន្តែជាក្រុមធំបំផុត គឺក្រុមអ្នកនៅកណ្តាល បានន័យថា រឿងហ្នឹងចេញមិនចេញក៏ហីទៅ ប៉ុន្តែធានាឲ្យខ្ញុំ៖ ទី១ ខេត្តទាំង៤ មិនបាត់បង់ទឹកដី, ទី២ យើងមិនបាត់បង់អធិបតេយ្យភាព, ទី៣ ធានាអភិវឌ្ឍខេត្តទាំង៤ និងទី៤ ខ្ញុំមិនចង់ឃើញខ្មែរបែកបាក់ រញ៉ែរញ៉ៃសង្គមជាតិនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ក្រុមទី៣ ធំជាងគេ។ បើសិនយើងដក តែបើមានចេតនាធ្វើឲ្យបាត់ វាគង់តែបាត់បង់ដូចគ្នា វាមិនមែនរឿងកិច្ចសហប្រតិបត្តិការហ្នឹងទេ។ អាស៊ាន យើងចូលតាំងពីឆ្នាំ១៩៩៩ ហើយ ១០ប្រទេស មិនទាន់បាត់មួយកន្លែងណាផង មានតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបោះបង្គោលព្រំដែនបន្ថែម ពង្រឹងរៀងៗខ្លួន។ អ្នកដែលចង់គាំទ្រ គាត់ថា អាហ្នឹងល្អសម្រាប់ខេត្តខ្ញុំ វាដាច់ស្រយាលជាងគេ អីចឹងអ្វីក៏ដោយ ក្របខ័ណ្ឌរបស់ជាតិ ក្របខ័ណ្ឌតំបន់ ជប៉ុនមកជួយ ធ្វើទៅ ខ្ញុំនៅហ្នឹងខ្ញុំការពារ»។
បើតាមប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំណុចទី៤ ក្នុងទស្សនៈរបស់មនុស្សក្រុមទី៣ គឺការមិនចង់ឃើញប្រទេសបែកបាក់ និងរក្សាបានស្ថិរភាព ដូច្នេះត្រូវតែឆ្លើយតបឱ្យបាន ជូនប្រជាពលរដ្ឋសម្រាប់បំណងនេះ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាធ្វើឱ្យបាននូវការការពារទឹកដី អធិបតេយ្យក្នុងខេត្តទាំង៤ នៅភាគឦសាន និងបន្តជំរុញឱ្យកិច្ចអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន សម្រាប់កូនខ្មែរជំនាន់ក្រោយ។
សូមជម្រាបថា ក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជា ឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។ ទោះបីគម្រោងខាងលើ ផ្តួចផ្តើមតាំងពីឆ្នាំ១៩៩៩ ស្រាប់តែថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមបានបំភ្លៃថា គម្រោងអភិវឌ្ឍនេះ គឺជាការកាត់ដីឲ្យប្រទេសដទៃទៅវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភា មិនមែនមានតែគណបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ហេតុនេះហើយ ការបំភ្លៃរឿងខាងលើ គ្រាន់តែជាការបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីចំណេញនយោបាយតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យរឹងមាំ គឺត្រូវរួមគ្នាអភិវឌ្ឍ និងលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរ នៅភាគឦសាន ឱ្យកាន់តែរីកចម្រើន។ ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្តេចធិបតី ស្នើឲ្យមានការបញ្ចេញទស្សនៈប្រកបដោយភាពថ្លៃថ្នូរផងដែរ។
សូមជម្រាបដែរថា តាមរយៈសារពិសេសមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកផ្តួចផ្តើមគំនិតគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីទាំង ៤ខេត្ត រួមមាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ នោះទេ គ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នាប៉ុណ្ណោះ។ ទឹកដីរបស់កម្ពុជា គឺកម្ពុជាអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកនៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគេអភិវឌ្ឍដោយប្រាក់របស់ពួកគេ គឺគ្មានការចែកផលរួមនោះឡើយ៕