(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពីការបន្តយកចិត្តទុកដាក់អនុវត្ត «គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ព្រមទាំងបានអំពាវនាវឱ្យអាចារ្យ-អាចារនីបង្កើនការអបរំសីលធម៌ គុណធម៌តាមបែបសាសនាដល់ប្រជាបរិស័ទទូទៅ ពិសេសគឺយុវជន ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសណ្ដាប់ធ្នាប់សង្គម ស្ថិរភាព សុខសន្តិភាពជាដើម។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញសំណេះសំណាលជាមួយអាចារ្យ-អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកសាជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តផ្ដោតលើអាទិភាពចម្បងៗ ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដូចជា៖
១-ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
សម្ដេចធិបតីបានបន្តថា គោលនយោបាយទាំងនេះ គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាប្រចាំ ដាក់ចេញវិធានការជាប់ជាប្រចាំ ដើម្បីឈានទៅរកការសម្រេចភារកិច្ចជាអតិបរមាជូនប្រជាពលរដ្ឋ ទាំងការផ្ដលសេវា ទាំងការថែរក្សាស្ថិរភាព។
សម្ដេចធិបតីថ្លែងយ៉ាងដូច្នេះថា «អាជ្ញាធរ សមត្ថកិច្ចក៏បានធ្វើការជាប្រចាំដែរ ទាំងការអប់រំ ទាំងការបង្ក្រាប ប៉ុន្តែការអប់រំសីលធម៌សង្គមនេះ យើងមិនអាចប្រើតែវិធានការច្បាប់នោះទេ វិធានការអប់រំសីលធម៌ គុណធម៌នេះសំខាន់ណាស់ ដែលគេហៅថា អំណាចទន់ភ្លន់ (Soft power) គឺការអប់រំតម្លៃឱ្យយុវជនយល់ពីតម្លៃភាពថ្លៃថ្នូររៀងៗខ្លួន។ ពាក់ព័ន្ធនឹងការអប់រំនេះ តួអង្គអាចារ្យ-អាចារនីក៏មានតួនាទីសំខាន់ក្នុងការអប់រំដល់បរិស័ទ យុវជនជំនាន់ក្រោយដែរ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការអប់រំសីលធម៌ គុណធម៌ គឺជួយបានច្រើនណាស់ក្នុងការថែរក្សាសុខសន្តិភាព ព្រោះធ្វើឱ្យមនុស្សមានសន្តិភាពផ្លូវចិត្ត អត់ប្រើហិង្សា អត់ធ្វើអ្វីដែលធ្វើឱ្យខូចសណ្ដាប់ធ្នាប់សង្គម។ នៅពេលដែលប្រជាជនរស់នៅប្រកបដោយក្រមសីធម៌ យល់ពីតម្លៃនៃសង្គមជាតិនិងវប្បធម៌ គឺគាត់អាចចូលរួមជាបុគ្គលសំខាន់ក្នុងការជួយអប់រំសីលធម៌ គុណធម៌ដល់អ្នកដទៃថែមទៀតផង ដែលជាការចូលរួមយ៉ាងសំខាន់ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕