៧ខែឆ្នាំនេះ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានជិត ៤៤លានដុល្លារ

(ភ្នំពេញ)៖ ចំណូលពន្ធពីប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជិត ៤៤លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ​ ដែលទទួលបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារ​បានឲ្យដឹងថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១៧៦.៦៩ ប៊ីលានរៀល ស្មើនឹង ៤៣.៦៣ លានដុល្លារ ក្នុងនោះ ចំណូលដែលប្រមូលបានពីអនិវាសនជន ដែលបានចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) មានចំនួន ៥៥.១០ ប៊ីលានរៀល ស្មើនឹង ១៣.៦១ លានដុល្លារ និងចំណូលប្រមូល បានពីនិវាសនជន តាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ១២១,៥៩ ប៊ីលានរៀល ស្មើនឹង ៣០.០២ លានដុល្លារ។

ដោយឡែក ចំណូលដែលប្រមូលបានពីវិស័យនេះ ក្នុងខែកក្កដា មានចំនួន ២៤.៤៥ ប៊ីលានរៀល ស្មើនឹង ៦.០៤លានដុល្លារ។

គួររំលឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមប្រមូលអាករ លើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ចាប់ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ នៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX ជាដើម៕