មនុស្សជាង ១,០០០នាក់ ត្រូវបានចាប់ខ្លួន ក្រោយកុបកម្មដ៏ហិង្សា នៅអង់គ្លេស

(ឡុងដ៏)៖ ស្ថាប័នប៉ូលិសជាតិរបស់ចក្រភពអង់គ្លេស បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អាជ្ញាធរបានចាប់ខ្លួនមនុស្សជាង ១,០០០នាក់ បន្ទាប់ពីកុបកម្មច្រើនថ្ងៃប្រែជាអំពើហិង្សា ការដុតកម្ទេច អំពើលួចប្លន់ ក៏ដូចជាការវាយប្រហារប្រឆាំងអ្នកកាន់សាសនាឥស្លាម និងជនចំណាកស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយ អគ្គស្នងការនគរបាលជាតិអង់គ្លេស បានឱ្យដឹងថា មនុស្សចំនួន ១,០២៤នាក់ត្រូវបានចាប់ខ្លួន និង ៥៧៥នាក់ត្រូវបានចោទប្រកាន់ នៅទូទាំង ចក្រភពអង់គ្លេស។ អ្នកដែលត្រូវចាប់ខ្លួន រួមមានទាំងបុរសអាយុ ៦៩ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទបង្កការបំផ្លិចបំផ្លាញ នៅក្នុងទីក្រុង Liverpool និងក្មេងប្រុសអាយុ ១១ឆ្នាំ នៅទីក្រុង Belfast ផងដែរ។

ក្រុមព្រះរាជអាជ្ញានិយាយថា ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ ក៏បានឆ្លើយសារភាពផងដែរ ពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សា។ តាមព្រះរាជអាជ្ញា លោក Thomas Power «ឧបទ្ទវហេតុកន្លងមក នឹងបង្កឱ្យមានការភ័យខ្លាច ក្នុងចំណោមមនុស្សដែលត្រូវបានកំណត់គោលដៅ ហើយ​វា​ជា​រឿង​ដ៏គួរ​ឱ្យ​បារម្ភ ​ជា​ពិសេសនៅពេល​ដែល​មានក្មេង​ស្រី​​ ​ចូលរួម​ក្នុង​សកម្មភាពដ៏​ហិង្សាបែប​នេះ»

គួរបញ្ជាក់ថា កុបកម្ម ក្រោយការសម្លាប់ក្មេងស្រី ៣នាក់ក្នុងទីក្រុង Southport ភាគខាងជើងអង់គ្លេស កាលពីថ្ងៃទី ២៩ ខែកក្កដា កើតឡើងដោយសារតែការយល់ខុសលើជនចំណាកស្រុក ដែលជាអ្នកកាន់សាសនាឥស្លាម ព្រោះព័ត៌មានមិនពិតតាមអ៉ីនធើណិត។ បន្ទាប់មក អំពើហិង្សាចាប់ផ្តើមផ្ទុះក្នុងទីក្រុងនានា ទូទាំងចក្រភពអង់គ្លេស ហៀរដល់ប្រទេសអៀរឡង់ខាងជើង។ ប៉ុន្តែចាប់តាំងពីសប្តាហ៍មុនមក មានករណីចលាចលតិចជាងមុន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធកាន់តែសកម្ម។ មនុស្ស​ជាច្រើន​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ជាមួយ និងអ្នកខ្លះ​អាចជាប់ទោសរយៈពេលយូរទៀតផង៕