កូរ៉េខាងជើង ថាផ្ទះរាប់ពាន់ខ្នងលិចលង់ ដោយសារទឹកជំនន់

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី៣១ ខែកក្កដានេះបានរាយការណ៍ថាផ្ទះជាង ៤០០០ខ្នង នៅក្នុងទីក្រុង Sinuiju និងតំបន់ Uiju របស់កូរ៉េខាងជើង ស្ថិតនៅជាប់ព្រំដែនជាមួយចិន ត្រូវបានជន់លិចដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាម ការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម​ KCNA ផ្ទៃដីដាំដុះ ៣០០០ហិកតា រួមជាមួយអគាររដ្ឋ និងផ្លូវជាច្រើនក៏បានជន់លិចដែរ ដោយជំរុញឱ្យមានការបើកកិច្ចប្រជុំបន្ទាន់រយៈពេល ២ថ្ងៃ របស់ការិយាល័យនៃគណបក្សពលករកាលពីដើមសប្ដាហ៍នេះ។ KCNA​ បានបន្ថែមទៀតថាលោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំនេះដោយផ្ទាល់ និងបាន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញផលប៉ះពាល់ ក៏ដូចជាការខូចខាត ហើយជំរុញឱ្យអាជ្ញាធរចាត់វិធានការឱ្យបានហ្មត់ចត់ដើម្បីសា្តរតំបន់រងគ្រោះ ឡើងវិញ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យតំបន់រងគ្រោះដោយសារទឹកជំនន់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ កូរ៉េខាងជើង បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃមកនេះ បង្កឡើងដោយព្យុះ Gaemi ដែលក៏បានបង្កឱ្យមានគ្រោះរអិលបាក់ដីសម្លាប់មនុស្ស ១២នាក់ នៅភាគខាងត្បូងប្រទេសចិនផងដែរ៕