អ៉ីស្រាអែល អះអាងថាសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ហេសបូឡា ក្នុងការវាយប្រហារលើទីក្រុងបេរូត

(បេរូត)៖ យោធាអ៉ីស្រាអែលបានអះអាងថាខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា (Hezbollah) នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើ ទីក្រុងបេរូត កាលពីថ្ងៃអង្គារ ទី៣០ ខែកក្កដា ជាការសងសឹកទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលបានសម្លាប់មនុស្ស១២នាក់ កាលពីជាង៣ថ្ងៃមុនដែលអ៉ីស្រាអែល ចោទថាជាស្នាដៃរបស់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសលីបង់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ Reuters ស្នូរសំឡេងផ្ទុះដ៏ខ្លាំងមួយបានកើតឡើង ហើយផ្សែងខ្មៅបានគ្របដណ្ដប់លើភាគខាងត្បូងជាយទីក្រុងបេរូត ដែលជាមូលដ្ឋាន រឹងមាំមួយរបស់ក្រុមហេសបូឡា នៅម៉ោងប្រហែល ៧៖៤០នាទីយប់ (ម៉ោងក្នុងតំបន់)។ ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា មានឈ្មោះថា Fuad Shukr។ តាមយោធាអ៉ីស្រាអែល លោក Fuad Shukr គឺជាជំនួយការ ដ៏សំខាន់ម្នាក់របស់មេដឹកនាំហេសបូឡា លោក Hassan Nasrallah ក្នុងនាមជាទីប្រឹក្សាសង្រ្គាម និងជាអ្នកទទួលខុសត្រូវលើការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan Heights៕