លោក ម៉ម ប៊ុនហេង ច្រានចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយ ដែលជនខិតខូចបង្កើតគណនីហ្វេកប៊ុកក្លែងក្លាយ ផ្សព្វផ្សាយបោកប្រាស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនាឡិកាដៃតាមដានសុខភាព

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង សមាជិករដ្ឋសភា បានច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្កើតដោយជនអនាមិកមួយក្រុម ដោយយកឈ្មោះ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» ហើយកាត់តរូបភាពលោកចូលជាមួយនឹងសម្លេង AI ដើម្បីប្រម៉ូតលក់ផលិតរបស់ខ្លួន បោកប្រាស់ប្រជាពលរដ្ឋ «ពីការប្រើប្រាស់នាឡិកាដៃឆ្លាតវៃម្យ៉ាង ដែលអាចវាស់ជាតិស្ករក្នុងឈាម សម្ពាធឈាម ចង្វាក់បេះដូង អុកស៊ីសែនក្នុងឈាមបាន»។

លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះថា «ខ្ញុំសូមច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយទាំងអស់នេះ ដែលបានបង្កើតគណនាហ្វេកប៊ុកក្លែងក្លាយ (Fake account) ហើយផ្សព្វផ្សាយផលិតផលរបស់ខ្លួនបោកប្រាស់ប្រជាជន។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើការផ្សព្វផ្សាយបោកប្រាស់ទាំងនេះអស់សោះ ហើយមុនប្រើប្រាស់អ្វីមួយត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ»

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបន្ដថា «នៅពេលខ្ញុំកំពុងដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកមុខជនអនាមិក ដែលបានបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ (Fake account) ដោយយកឈ្មោះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងផ្សាយព័ត៌មានមិនពិតទាំងនេះ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់លើករណីនេះ និងស្នើឱ្យម្ចាស់គណនេយ្យក្លែងក្លាយខាងលើនេះ លុបផេកនេះចេញជាបន្ទាន់ផងដែរ៕