(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃចន្ទ ទី៨ ខែកក្កដា បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី យ៉ាងកក់ក្ដៅ និងបាន ជូនលោក ម៉ូឌី ធ្វើដំណើរកម្សាន្តនៅជុំវិញភូមិគ្រឹះរបស់លោកស្ថិតនៅជាយទីក្រុងមូស្គូ នៅមុនជំនួបផ្លូវការនៅឯវិមានក្រឹមឡាំងនៅថ្ងៃអង្គារនេះ។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយស្រង់សម្ដីរបស់លោក ពូទីន ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថាលោកប្រមុខវិមានក្រឹមឡាំងបានទទួលស្វាគមន៍លោក ម៉ូឌី ប្រៀបដូចជាមិត្តសម្លាញ់ ហើយនិយាយថាលោកពិតជាសប្បាយរីករាយណាស់ ដែលបានជួបលោកនាយករដ្ឋមន្ត្រីឥណ្ឌា។ លោក ពូទីន បានបញ្ជាក់បន្ថែមដូច្នេះថា «ជំនួបផ្លូវការរបស់យើងនឹង ត្រូវធ្វើឡើងនៅថ្ងៃស្អែក (ថ្ងៃអង្គារ ទី៩ ខែកក្កដា) ហើយនៅថ្ងៃនេះយើងអាចពិភាក្សាពីបញ្ហាដូចគ្នា តែមិនផ្លូវការនោះទេ»។
គួរបញ្ជាក់ថា លោក ម៉ូឌី កំពុងស្ថិតក្នុងការបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីលោកស្បថចូល កាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់អាណត្តិថ្មីកាលពីខែមិថុនាកន្លងទៅ។ ឥណ្ឌាដែលមានទំនាក់ទំនងល្អជាមួយរុស្ស៉ី បានបដិសេធថ្កោលទោសសង្រ្គាមរបស់ លោក ពូទីន នៅអ៊ុយក្រែន ជំនួសឱ្យការអំពាវនាវឱ្យបិទបញ្ចប់ជម្លោះតាមរយៈកិច្ចសន្ទនា និងការទូត។
ដោយឡែក ជុំវិញសង្រ្គាមនៅអ៊ុយក្រែនផងដែរ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទបាននិយាយថាដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់រុស្ស៉ី និងទំនាក់ទំនងរបស់ឥណ្ឌា ជាមួយរុស្ស៉ី ក្នុងពេលដែលរុស្ស៉ី កំពុងធ្វើសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន កាន់តែបង្កើនការព្រួយបារម្ភ៕