(ឧត្តរមានជ័យ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តឧត្តរមានជ័យ។
លោក មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលរងរាជធានីភ្នំពេញ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា ជំរុញឲ្យអភិបាលខេត្តថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ប៉ែន កុសល្យ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តឧត្តរមានជ័យ ក្នុងរយៈពេលដែលលោកកាន់មុខតំណែងជាអភិបាលខេត្តឧត្តរមានជ័យ អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក មាន ចាន់យ៉ាដា ដែលត្រូវបានតែងតាំងជាអភិបាលខេត្តថ្មី ជំនួសអភិបាលខេត្តចាស់ ដែលត្រូវទៅបំពេញការងារនៅកន្លែងថ្មី។
លោកបានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ ផ្តល់ការគាំទ្រ និងចូលរួមជាមួយលោល មាន ចាន់យ៉ាដា ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ជាមួយគ្នានេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តរមានជ័យ បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍ ក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍនូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត៕