ព្យុះហឺរីខេន Beryl បង្កើនឥទ្ធិពលនៅក្បែរទីក្រុង Houston នៃសហរដ្ឋអាមេរិក នាំឱ្យមានការព្រមានពីគ្រោះថ្នាក់ដល់អាយុជីវិត

(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលជាតិតាមដានព្យុះហឺរីខេនរបស់សហរដ្ឋអាមេរិក (NHC) បានឱ្យដឹងថា ព្យុះហឺរីខេន Beryl បានបង្កើនឥទ្ធិពលនៅក្បែរតំបន់ឆ្នេរសមុទ្រនៃរដ្ឋ Texas កាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយបង្ខំឱ្យកំពង់ផែប្រេងសំខាន់ៗ ត្រូវបិទជាបណ្តោះអាសន្ន ការលុបចោលជើងហោះហើរ និងការព្រមានថាជាព្យុះដ៏សាហាវមួយ សម្រាប់សហគមន៍ងាយរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០២៤។

Beryl ដែលជាព្យុះហឺរីខេនកម្រិតទី៥ ឮកាលពីសប្តាហ៍មុន បានបោកបក់កាត់ប្រទេសដីកោះចំនួន ៤ក្នុងតំបន់ Caribbean និងបានបំផ្លិចបំផ្លាញអគារ ក៏ជាបណ្តាញអគ្គិសនី ហើយសម្លាប់មនុស្ស ១១នាក់។ ព្យុះនេះបានចុះខ្សោយទៅវិញ បន្ទាប់ពីបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅទូទាំងសមុទ្រ Caribbean ប៉ុន្តែក្រោយមកក៏វិវត្តទៅជាព្យុះហឺរីខេនកម្រិតទី១ នៅពេលបោកបក់ឆ្លងកាត់ឈូងសមុទ្រម៉ិកស៉ិក ហើយនៅពេលមកដល់ដីគោកក្បែរទីក្រុង Houston នាថ្ងៃចន្ទនេះ វាអាចក្លាយជាព្យុះកម្រិតទី ២។

នៅក្នុងសេក្តីណែនាំថ្មីចុងក្រោយ NHC បញ្ជាក់ថា «មានការព្យាករអំពីភាពខ្លាំងក្លាថែមទៀត នៅពេលព្យុះនេះបក់មកដល់លើ ឆ្នេរសមុទ្រនៃរដ្ឋ Texas»។ បើតាមអភិបាលស្តីទី សង្កាត់ចំនួន ១២០ត្រូវបានប្រកាសជាតំបន់ប្រឈមនឹគ្រោះមហន្តរាយ ហើយព្រមានថា Beryl នឹងក្លាយជាព្យុះដ៏សាហាវមួយ សម្រាប់ប្រជាជនដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រ។ សាលារៀននានា រួមទាំងនៅក្នុងទីក្រុង Houston ប្រកាសថានឹងបិទទ្វារនៅពេលព្យុះខិតជិតមកដល់។ រីឯ ក្រុមហ៊ុមអាកាសចរណ៍ បានលុបចោលជើងហោះហើររាប់រយ ហើយមន្ត្រីបានបញ្ជាឱ្យមានការជម្លៀសខ្លួនចេញពីទីក្រុងឆ្នេរសមុទ្រ។

គួរបញ្ជាក់ថា ភាគច្រើននៃផលិតកម្មប្រេង និងឧស្ម័ននៅតំបន់ឈូងសមុទ្រភាគខាងជើងឈូងសមុទ្រម៉ិកស៉ិក គឺស្ថិតភាគខាងកើត នៃគន្លងផ្លូវដែលត្រូវបានព្យាករ សម្រាប់ព្យុះ Beryl៕