ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២

Oplus_131072

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជា​អធិបតី​​បើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។

វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា​ពាណិជ្ជកម្ម​កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង។

Oplus_131072

វេទិកាធុរកិច្ចកម្ពុជា-បារាំង រៀបចំឡើង ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការទីប្រឹក្សាពាណិជ្ជ​កម្ម​ក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជាផងដែរ។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែ​ច្បាស់ពី​ទីផ្សារ​កម្ពុជា, តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងដូចជាក្រុមហ៊ុន​សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ, ឌីជីថល, សុខាភិបាល, ថាមពល, នគរូបនីយកម្ម, ទេសចរណ៍, ឡូជីស្លឹក, ដឹកជញ្ជូន, កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកប​ដោយចីរភាព និងបរិស្ថាន។

វេទិកាធុរកិច្ចលើកទី២នេះ នឹងបន្តជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន, អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពី​ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ ត្បិតវេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។

អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ទំនាក់ទំនងទ្វេភាគីបារាំង-កម្ពុជាមានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជាថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពីសករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។ កិច្ចព្រមព្រៀងខាងលើក៏បង្ហាញឱ្យឃើញផងដែរពីការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការពង្រឹងវិស័យឯកជន។

ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១,៣៦៣លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ដែលបច្ចុប្បន្នប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំងពោលគឺ៣១ភាគរយបើធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។

ចំណែកការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់ ១,១៩២លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន ក្នុងទំហំប្រមាណ ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់កសិឧស្សាហកម្ម និងសេវា។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំងនៅកម្ពុជា (ជាង ៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារាំង​នៅកម្ពុជា។ តួលេខទាំងនេះ
ឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ក្នុងអំឡុងវេទិកាធុរកិច្ចនេះ កិច្ចពិភាក្សាតាមប្រធានបទផ្សេងៗនឹងអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសំខាន់ៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធ, ឡូជីស្ទិក, កសិអាហារ, កសិកម្ម, សុខាភិបាល និងថាមពល ហើយបទបង្ហាញនឹងត្រូវធ្វើឡើងដោយតំណាងក្រសួងពាក់ព័ន្ធនីមួយៗ។ ជំនួបពិភាក្សាក្នុងចំណោមតំណាងក្រុមហ៊ុន និងជំនួបពិភាក្សារវាងតំណាងក្រុមហ៊ុនជាមួយតំណាងរាជរដ្ឋាភិបាល ក៏នឹងផ្តល់ឱកាសផងដែរដល់ការចងក្រងបណ្តាញ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជា។

ក្នុងវេទិកានេះក៏មានបទបង្ហាញអំពីចក្ខុវិស័យសេដ្ឋកិច្ច និងគតិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហិរញ្ញប្បទានសាធារណៈ និងឯកជនផងដែរ។ កិច្ចពិភាក្សាតុមូលនឹងអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាលម្អិត អំពីកាលានុវត្តភាពក្នុងវិស័យអាទិភាពដូចជា ទេសចរណ៍, ឌីជីថល, ការចែកចាយ, សំណង់, សុខាភិបាល, ថាមពល, កសិកម្ម, ឡូជីស្ទិក, ដឹកជញ្ជូន និងបរិស្ថាន រួមទាំងការចែករំលែកបទពិសោធន៍ពីសំណាក់តួអង្គដែលប្រើប្រាស់ភាសាបារាំង នឹងញ៉ាំងឱ្យកិច្ចពិភាក្សាកាន់តែសម្បូរបែប៕