អាមេរិកចង់ជួយហ្វីលីពីន ចំពោះមុខភាពតានតឹងជាមួយចិន នៅសមុទ្រចិនខាងត្បូង ប៉ុន្តែទីក្រុងម៉ានីលមិនព្រម

Oplus_131072

(ម៉ានីល)៖ ប្រមុខយោធាហ្វីលីពីន បានប្រាប់ថា ប្រទេសអាស៊ានមួយនេះ បានបដិសេធចំពោះ សំណើពីសម្ព័ន្ធមិត្តខ្លួន គឺសហរដ្ឋអាមេរិក ដែលមានបំណងជួយដល់ ប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីភាពតានតឹងបានកើនឡើងខ្លាំងជាមួយចិន នៅក្បែរបរិវេណតំបន់ថ្មប៉ប្រះទឹក ដែលមានបញ្ហាជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤។

Oplus_131072

ភាពតានតឹងបានកើនឡើងជាលំដាប់ នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលប្រមាណជាមួយឆ្នាំកន្លងមកនេះ ខណៈហេតុការណ៍ប្រឈមមុខ​ដាក់គ្នាចុងក្រោយបង្អស់ បានកើនឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ដោយទីក្រុងម៉ានីលបានអះអាងថា នាវិកមួយចំនួនរបស់ខ្លួនបានរងរបួស ដោយសារតែកងកម្លាំងឆ្មាំសមុទ្រចិន។ ហ្វីលីពីនជាប្រចាំ តែងធ្វើបេសកកម្មដឹកជញ្ជូនសម្ភារ និង​ស្បៀងអាហារទៅឱ្យ កងទ័ពរបស់ខ្លួន ឈរជើងនៅលើខ្មោចនាវាចម្បាំង១គ្រឿង ដែលហ្វីលីពិនបានយកទៅទុកចោល នៅតំបន់ថ្មប៉ះប្រះទឹកមានជម្លោះ Second Thomas Shoal ដែលចិនហៅថា Ren’ai Jiao។

ក្នុងសប្តាហ៍នេះ ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ហ្វីលីពីន ចង់ចាត់ចែងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងដោយខ្លួនឯង បើទោះបីជាអាមេរិក ដែលជាសម្ព័ន្ធមិត្តមានចងភ្ជាប់សន្ធិសញ្ញា បានស្នើចង់​ជួយគាំទ្រដល់ប្រតិបត្តិការរបស់ហ្វីលីពីន ក៏ដោយ។ លោក Brawner បាននិយាយដូច្នេះថា «ប្រាកដណាស់ ពួកគេ (អាមេរិក) បានស្នើ​ចង់ជួយពួកយើង ហើយបានសាកសួរយើងថា តើពួកគេអាចជួយក្នុងរបៀបណាមួយបានដែរឬទេ។ យ៉ាងណាក្តី ពួកយើងចង់ព្យាយាម ប្រើជម្រើសផ្សេងៗដែលយើងមាន ឱ្យអស់ពីលទ្ធភាពសិន មុនពួកយើងងាកទៅស្នើសុំការជួយ»

ចំណែក ទីប្រឹក្សាសន្តិសុខហ្វីលីពីន លោក Eduardo Ano ក៏បាននិយាយដែរថា ហ្វីលីពីនចង់ឱ្យប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ជាប្រតិបត្តិការរបស់ហ្វីលីពីនសុទ្ធសាធ។ លោក Ano បានប្រាប់ Reuters ដូច្នេះថា «នេះជាផលប្រយោជន៍ជាតិស្របច្បាប់របស់យើង ដូច្នេះហើយ ពួកយើងមើលមិនឃើញហេតុផលអ្វី សម្រាប់ឱ្យពួកគេ (អាមេរិក) ចូលលូកដៃនោះឡើយ»។ កាលពីខែមុន លោក Ano បានជជែកជាមួយសមភាគីអាមេរិករបស់លោក គឺលោក Jake Sullivan អំពីក្តីកង្វល់រួមពាក់ព័ន្ធសកម្មភាពចិន។ ទាំងលោក Ano និង លោក Brawner គឺមិនបានបញ្ជាក់ច្បាស់ថា តើការគាំទ្រលក្ខណៈបែបណា ដែលសហរដ្ឋអាមេរិក បានស្នើចង់ផ្តល់ឱ្យនោះឡើយ៕