(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើការកសាងជួសជុលកែលម្អ នូវផ្លូវជនបទនានា ឱ្យប្រែក្លាយទៅជាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដែលការអភិវឌ្ឍទាំងអស់នេះ កំពុងជួយជំរុញកំណើនសេដ្ឋកិច្ច របស់ពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋនៅតំបន់ជនបទ។
ក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតម្លៃផ្លូវចំនួន ៥ខ្សែ និងជួបសំណេះសំណាលអាជ្ញាធរ និងពលរដ្ឋ ក្នុងខេត្តព្រៃវែង ខេត្តកណ្ដាល និងខេត្តសៀមរាប នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានបន្តថា ជាមួយនេះក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ រួមមាន៖
ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។
ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ១០០ភាគរយ។
ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។
និងទី៤. ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ជាមួយនេះគណៈកម្មាធិការអន្តរក្រសួង បានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋឱ្យជួយថែទាំផ្លូវនេះ ឱ្យបានដិតដល់ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ផ្លូវទាំង៥ខ្សែ ស្ថាបនាដោយនាយកដ្ឋានកងវិស្វកម្ម នៃក្រសួងការពារជាតិ មានការចូលរួមពីលោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ក្នុងការចូលរួមចុះពិនិត្យវាយតម្លៃផងនោះមាន៖
ទី១. ផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង២,៨០០ម៉ែត្រ មានស្ថាបនាលូមូលមុខពីរចំនួន១កន្លែង និងលូមូលមុខមួយចំនួន២កន្លែង ស្ថិតនៅភូមិតាគោក ឃុំល្វា ទៅភូមិពាយនាយ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ទី២. ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ២,៨០០ម៉ែត្រ ស្ថាបនាលូមូលមុខមួយចំនួន ៤កន្លែង ស្ថិតនៅភូមិក្តីស្គា ឃុំជៃកំពត ទៅភូមិគោកសំពៅ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ទី៣. ផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១,១២០ម៉ែត្រ ស្ថិតនៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
និងទី៤. ផ្លូវក្រាលកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែង ២,៥០០ម៉ែត្រ និងស្ថាបនាលូមូលមុខមួយចំនួន ២កន្លែង ស្ថិតនៅភូមិតាយ៉ុន ទៅភូមិអូរក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប៕