កូរ៉េខាងជើង អះអាងថាបានធ្វើតេស្ដមីស៊ីលបាលិស្ទីគ អាចពាំក្បាលគ្រាប់ខ្នាតយក្ស ដោយជោគជ័យ

Oplus_131072

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២ ខែកក្កដានេះបានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មីមួយដែលមានសមត្ថភាព ពាំក្បាលគ្រាប់ខ្នាតយក្សទម្ងន់ ៤.៥តោន ប្រកបដោយជោគជ័យ កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា កូរ៉េខាងត្បូងបានអះអាងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំនួន ២គ្រាប់ ហើយក្នុងនោះការធ្វើតេស្ដមីស៊ីលគ្រាប់ទី២ បានទទួលបរាជ័យ ដោយផ្ទុះនៅលើអាកាស។ តាមយោធាកូរ៉េខាងត្បូង មីស៊ីលគ្រាប់ទី១ដែលទំនងជាមីស៊ីល KN-23 របស់កូរ៉េខាងជើង ហោះបានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ។

ដោយឡែក ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA មិនបាននិយាយពីការធ្វើតេស្ដមីស៊ីលគ្រាប់ទី២នេះនោះទេ។ ប៉ុន្តែ បានឱ្យដឹងថាកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលបាលិស្ទីគតាក់ទិក ស៊េរីថ្មីមួយ ឈ្មោះ Hwasongpho-11 Da-4.5 តាមរយៈការសាកល្បងបំពាក់ក្បាលគ្រាប់ទម្ងន់ធ្ងន់មួយឱ្យដូចជាពិតៗ ដើម្បីផ្ទៀងផ្ទាត់ពីស្ថិរភាពនៃការហោះហើរ និងភាពជាក់លាក់៕