ហូឡង់ នឹងចាប់ផ្ដើមប្រគល់យន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ក្នុងពេលឆាប់ៗ

(ស្ទែដាំ)៖ រដ្ឋាភិបាលហូឡង់ កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា បាននិយាយថាប្រទេសរបស់ខ្លួននឹងចាប់ផ្ដើមប្រគល់យន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែនក្នុងពេលឆាប់ៗ ខណៈ ទីក្រុងកៀវ កំពុងទទូចស្នើសុំឱ្យសម្ព័ន្ធមិត្តលោកខាងលិចពន្លឿនការផ្ដល់អាវុធ ដើម្បីបន្តប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren បានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើជូនសភាជាតិ នៅមុនរដ្ឋាភិបាលអន្តរកាលមួយត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារ សប្ដាហ៍នេះ ក្រោយការចរចាបង្កើតរដ្ឋាភិបាលចម្រុះចាប់តាំងពីការបោះឆ្នោតតាំងពីឆ្នាំមុនមក ថាការអនុញ្ញាតជាពិសេសដើម្បីប្រគល់យន្ដហោះចម្បាំងទៅឱ្យអ៊ុយក្រែន ត្រូវបាន អនុម័តរួចរាល់ហើយ។ ប៉ុន្តែ លោកស្រីមិនបានបញ្ជាក់ថាតើនឹងមានយន្ដហោះចម្បាំង F-16 ប៉ុន្មានគ្រឿងត្រូវប្រគល់ ឬក៏ថាតើនៅពេលណាទើបយន្ដហោះចម្បាំងទាំងនោះ ត្រូវបានប្រគល់ទៅដល់ដៃអ៊ុយក្រែននោះទេ ក្រោមហេតុផលសន្តិសុខ។

គួរបញ្ជាក់ថា ហូឡង់ ធ្លាប់បានសន្យាថានឹងប្រគល់យន្ដហោះចម្បាំង F-16 ចំនួន ២៤គ្រឿងទៅឱ្យអ៊ុយក្រែន ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់កងទ័ពអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី៕