កោះកុង÷ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគ លើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន» នៅក្នុងនោះគ្រឿងញៀនចំនួន ៣៥១,១១ក្រាម និងកញ្ឆា២,៤៤ ក្រាមព្រមទាំងវត្ថុតាង ត្រូវបានដុតបំផ្លាញចោលផងដែរ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត នាយឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរងនៃអគ្គលេខា ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, និង លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត , ព្រះរាជ្ញានៃអយ្យការអមសាលា ដំបូងខេត្ត,កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្ថាប័ន ពាក់ព័ន្ធជាច្រើនទៀត។
នាឱកាសនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ÷ បានថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្ត មន្ទីរ អង្គភាព អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងការចូលរួមចំណែកបង្រ្កាប ទប់ស្កាត់ និងការអប់រំណែនាំ អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសគឺការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៍មានសារៈសំខាន់នាពេល នេះ។
លោកជំទាវអភិបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា ចំពោះបញ្ហាគ្រឿង ញៀនខុសច្បាប់នេះ គឺជាបញ្ហាចំបង សូមក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មា ធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ចូលរួមសហការណ៍បន្ថែមទៀត ក្នុងការផ្តល់ដំណឹង ចាប់បង្រ្កាប អោយខានតែបាន គ្រប់ករណីដែរកើតមានក្នុងខេត្ត ដើម្បីជម្រុញការទប់ស្កាត់ និងឈានដល់ការលុបបំបាត់អោយអស់ពីក្នុងខេត្ត។
លោកជំទាវ អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការដ៏មុតស្រួច តាម រយៈបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការមុឺងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការសុីវិល កង កម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ច សន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនិងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្រប ខណ្ឌដោយគ្មានការលើកលែង។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ទោ ឡេងប៊ុនណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អគ្គ លេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវ គោលនយោបាយ និងបទ បញ្ជា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែរបានបន្តដឹកនាំអនុវត្ត និងថែរក្សាមរតកសន្តិភាព និងសន្តិសុខដ៍ថ្លៃថ្លា តម្កល់វិស័យប្រយុទ្ធប្រឆាំងគ្រឿង ញៀន ជាវិស័យអាទិភាពចាំបាច់បំផុតរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ កម្មវិធីនយោបាយ និងវិធានការគន្លឹះទាំង៥ ផែនការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៩ កំណែទម្រង់ក្បាលម៉ាសុីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្កើតគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាសក្ខីភាពយ៉ាងប្រត្យក្សមួយ បង្ហាញពីគោលនយោ បាយប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដោយមិនរាថយឡើយ។
ចុងបញ្ចប់ គណ:អធិបតី និងអ្នកចូលរួមទាំងអស់ បានអញ្ជើញចូលរួមពិធីដង្ហែរគ្រឿងញៀន និងវត្ថុតាងយកទៅដុតបំផ្លាញចោល នៅទីធ្លានៃសាលមហោ ស្រពខេត្តកោះកុង៕ ដោយ សេន ពិសិដ្ឋ