ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅបូលីវី បរាជ័យ ក្រោយយោធាសម្រុកចូលវិមានប្រធានាធិបតី

Oplus_131072

(ឡាប៉ាស)៖ កងកម្លាំងប្រដាប់អាវុធបូលីវី បានដកថយចេញពីវិមានប្រធានាធិបតីក្នុងទីក្រុង ឡាប៉ាស (La Paz) កាលពីថ្ងៃពុធ ទី២៦ ខែមិថុនា (ម៉ោងក្នុងតំបន់) ហើយ ឧត្តមសេនីយ៍ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់លោកប្រធានាធិបតី Luis Arce ថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក និងអំពាវនាវការគាំទ្រពី អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

កាលពីព្រឹកថ្ងៃពុធ កងកម្លាំងយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ Juan Jose Zuniga ដែលទើបតែត្រូវបានដកសិទ្ធិអំណាចយោធាថ្មីៗនេះបានប្រមូលផ្ដុំគ្នានៅឯទីលាន Plaza Murillo ជាទីដែលវិមានប្រធានាធិបតី និងសភាស្ថិតនៅ។ សាក្សីម្នាក់បានប្រាប់ Reuters​ ថារូបគេបានឃើញរថពាសដែកមួយគ្រឿងបុកទម្លុះទ្វារវិមានប្រធានាធិបតី ហើយទាហានជាច្រើននាក់បានសម្រុកចូលទៅខាងក្នុង។

នៅក្នុងសុន្ទរកថាមួយចេញពីវិមានប្រធានាធិបតី លោកប្រធានាធិបតីបូលីវី Luis Arce បានគូសបញ្ជាក់ថា «នៅថ្ងៃនេះ ប្រទេសជាតិកំពុងប្រឈមមុខនឹងការប៉ុនប៉ងធ្វើ រដ្ឋប្រហារ…យើងត្រូវការប្រជាជនបូលីវី ដើម្បីប្រឆាំងនឹងរដ្ឋប្រហារ ដើម្បីការពារប្រជាធិបតេយ្យ»។ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក ទាហានបានដកថយចេញពីទីលាន Plaza Murillo វិញ ដោយប៉ូលិសបានចូលគ្រប់គ្រងស្ថានការណ៍។ ព្រមពេលជាមួយគ្នា អាជ្ញាធរបូលីវីបានឃាត់ខ្លួនលោក Zuniga តែមិនទាន់ដឹងថាលោកត្រូវបានគេនាំយកទៅ ទីណានោះទេ ខណៈនៅឯវិមានប្រធានាធិបតីវិញ លោក Arce បានតែងតាំងលោក José Wilson Sanchez ឱ្យកាន់តំណែងជំនួសលោក Zuniga ជាមេបញ្ជាការយោធាថ្មី។

គួរបញ្ជាក់ថា ភាពតានតឹងខាងលើបានកើតឡើង នៅមុនពេលប្រទេសបូលីវី ត្រៀមរៀបចំការបោះឆ្នោតសកលនៅឆ្នាំ២០២៥ ហើយអតីតប្រធានាធិបតី លោក Evo Morales មានគម្រោងចូលរួមឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ប្រជែងជាមួយលោក Arce ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក៕