(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃពុធ ទី២៦ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាប្រទេសរបស់លោកមិនចង់ ធ្វើសង្រ្គាមនៅក្នុងប្រទេសលីបង់នោះទេ ប៉ុន្តែបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើឱ្យក្រុម Hezbollah រងការខាតបង់យ៉ាងសម្បើម ប្រសិនបើការដោះស្រាយបញ្ហាតាម ផ្លូវការទូតបរាជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការកត់សម្គាល់បែបនេះរបស់លោក Yoav Gallant ធ្វើឡើង អំឡុងប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះធ្វើទស្សនកិច្ចក្នុងទីក្រុងវ៉ាស៊ីនតោន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងបិទបញ្ចប់ដំណើរទស្សនកិច្ច លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «យើងមិនចង់មានសង្រ្គាមទេ ប៉ុន្តែយើងក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ សម្រាប់ គ្រប់សេណារីយ៉ូទាំងអស់»។ លោកបន្ថែមថា «ក្រុម Hezbollah ត្រូវតែយល់ឱ្យច្បាស់ថាយើងអាចបង្កការខូចខាតយ៉ាងសម្បើមនៅក្នុងប្រទេសលីបង់ ប្រសិនបើសង្រ្គាម មួយផ្ទុះឡើង»។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងជាលំដាប់ ដោយទាំងអ៉ីស្រាអែល និងក្រុម Hezbollah ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកបានបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សា ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ បើតាមលោក Gallant អ៉ីស្រាអែលបានសម្លាប់សមាជិកក្រុម Hezbollah ច្រើនជាង ៤០០នាក់ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ៕