(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង៖ ទី១). បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ២). ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ៣). ផ្ដល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង៤). បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។
គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន១២ បានចូលជាសមាជិក រួមមាន៖
១៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
២៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៣៖ សាកលវិទ្យាល័យជាតិបាត់ដំបង
៤៖ សាកលវិទ្យាល័យស្វាយរៀង
៥៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
៦៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម
៧៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង
៨៖ សាកលវិទ្យាល័យជាស៊ីមកំចាយមារ
៩៖ សាកលវិទ្យាល័យក្រចេះ
១០៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង
១១៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
១២៖ សាកលវិទ្យាល័យអង្គរ
ដើម្បីសម្រេចគោលបំណងខាងលើនេះ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា បានដាក់ចេញផែនការសកម្មភាពរយៈពេល៣ឆ្នាំ ជា ៣ដំណាក់កាលធំៗ ដូចខាងក្រោម៖
* ដំណាក់កាលទី១៖ ក្នុងឆ្នាំ២០២៣ ផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាព ដោយក្នុងនោះសាកលវិទ្យាល័យចំនួន៦ ដែលជាសមាជិកដំបូង បានចាប់ផ្តើមផលិត និងដំណើរការមាតិកា និងខ្លឹមសារមេរៀនតាមអនឡាញ។
* ដំណាក់កាលទី២៖ ក្នុងឆ្នាំ២០២៤ ផ្តោតលើការបង្កើតមេរៀនរួមគ្នា ឬកម្មវិធីរួមគ្នារវាងសាកលវិទ្យាល័យជាសមាជិក ដើម្បីផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សា
* ដំណាក់កាលទី៣៖ ក្នុងឆ្នាំ២០២៥ គឺជាការបើកចំហធនធានសិក្សារបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក។
គិតត្រឹមឆ្នាំ២០២៤នេះ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជាសម្រេចបានសមិទ្ធផលការងារដូចខាងក្រោម៖
* បានបង្កើត និងកែលម្អបន្ទប់ស្ទីឌីយោសម្រាប់សាកលវិទ្យាល័យចំនួន៥
* បានតភ្ជាប់បញ្ចូលគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សាកលវិទ្យាល័យសមាជិក
ចំនួន៦
* បានរៀបចំបង្កើតដូម៉ែន (domain) និងបង្កើតប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀន និង បានដាក់ឱ្យដំណើរការនៅលើ moodle.ccun.edu.kh
* អភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ៥៤ នាក់ លើជំនាញផលិតមេរៀន ផលិតធនធានសិក្សាអនឡាញ ប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងបណ្តាញតាមសាកលវិទ្យាល័យ។
* បានផលិតមាតិកាមេរៀនចំនួន ៦៩មុខវិជ្ជា សម្រាប់ដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្រចំនួន ១៨ ជំនាញឯកទេស
* បានទទួលនិស្សិតចុះឈ្មោះចូលរៀនចំនួន ៥,៤៣២នាក់៕