រុស្ស៉ី៖ ខ្មាន់កាំភ្លើង បាញ់សម្លាប់អាចារ្យ Orthodox ម្នាក់ និងប៉ូលិសជាច្រើននាក់ ក្នុងតំបន់ Dagestan

Oplus_131072

(មូស្គូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងថាខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅឯវិហារ Orthodox និងប៉ុស្តិ៍ប៉ូលិសមួយកន្លែង នៅក្នុងការវាយប្រហារមួយកើតឡើង ក្នុងទីក្រុងចំនួន២ នៃសាធារណរដ្ឋ Dagestan នៃតំបន់ North Caucasus របស់រុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ដោយសម្លាប់អាចារ្យ Orthodox ម្នាក់ និងមន្ត្រីប៉ូលិស ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram លោក Sergei Melikov ជាអភិបាលតំបន់ Dagestan បាននិយាយថា «នេះជាថ្ងៃមួយនៃសោកនាដកម្ម សម្រាប់ តំបន់ Dagestan និងប្រទេសជាតិទាំងមូល»។ លោកបន្ថែមថាប៉ូលិស ១៥នាក់ បានក្លាយជាជនរងគ្រោះនៃការបាញ់ប្រហារដែលលោកហៅថាជាអំពើភេរវកម្ម ដោយមិនបានបញ្ជាក់ ថាតើមាន​ប៉ូលិសប៉ុន្មាននាក់ត្រូវបានសម្លាប់ ឬរងរបួសនោះទេ។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax រាយការណ៍ថាយ៉ាងហោចណាស់មានប៉ូលិស១៥នាក់ ត្រូវបានសម្លាប់ ខណៈមនុស្ស ៦នាក់ ក្នុងចំណោមខ្មាន់កាំភ្លើងត្រូវបានប៉ូលិសបាញ់សម្លាប់ផងដែរ។

គួរបញ្ជាក់ថា មិនមានក្រុមអ្នកណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ។ ការវាយប្រហារនេះដែលបានកើតឡើងព្រមពេលជាមួយគ្នាក្នុងទីក្រុង Makhachkala និងទីក្រុង Derbent នៃតំបន់ Dagestan កើតមានឡើងតែជាង ៣ខែប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ១៤៥នាក់បានស្លាប់ក្នុងការវាយប្រហារភេរវកម្មមួយដែលក្រុម ISIS អះអាងទទួលខុសត្រូវ នៅឯសាលតន្ត្រីមួយកន្លែង ក្នុងទីក្រុងមូស្គូ៕