រុស្ស៉ី ចង់ជួយវៀតណាម អភិវឌ្ឍថាមពលនុយក្លេអ៊ែរ

(មូស្គូ)៖ ប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែររុស្ស៉ី Rosatom លោក Alexei Likhachev បាននិយាយថារុស្ស៉ីបានលើកឡើងនូវសំណើជួយវៀតណាម ក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ អំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងហាណូយ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Likhachev ដែលបានស្ថិតក្នុងគណៈប្រតិភូអមដំណើរលោក ពូទីន ធ្វើទស្សនកិច្ចនៅវៀតណាមផងនោះ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសម្រង់សម្ដីមួយត្រូវបានចេញផ្សាយ នៅថ្ងៃចន្ទ ២៤ ខែមិថុនានេះដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA។ តាមលោក Likhachev លោកផ្ទាល់បានលើកឡើងនូវសំណើខាងលើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ ប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែររុស្ស៊ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងបានផ្ដល់គ្រប់ជម្រើសទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការ…នៅក្នុងកិច្ចសន្ទនារបស់ខ្ញុំជាមួយ លោកនាយករដ្ឋមន្ត្រីវៀតណាម»។ លោកបន្តទៀតថាក្រុមហ៊ុន Rosatom បានសហការជាមួយដៃគូបរទេស មិនត្រឹមតែលើថាមពលកម្រិតខ្ពស់ប៉ុណ្ណោះ តែក៏លើថាមពលនុយក្លេអ៊ែរកម្រិតទាប ផងដែរ ទាំងមានមូលដ្ឋាននៅលើគោក និងនៅលើផ្ទៃទឹក។

គួរបញ្ជាក់ថា វៀតណាមមិនមានរោងចក្រថាមពលនុយក្លេអ៊ែរនោះទេ ហើយបានលុបចោលគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងបំផុតចំនួន ២របស់ខ្លួន កាលពីឆ្នាំ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅឯរោងចក្រនុយក្លេអ៊ែរជប៉ុន Fukushima និងដោយសារតែការរឹតត្បិតលើកញ្ចប់ថវិកា៕