ក្នុងតំបន់មួយចំនួន នៃក្រុងខេមរៈភូមិន្ទ បានរងការជន់លិចទឹកភ្លៀងដែលមិនធ្លាប់មាន

កោះកុង÷ អាកាសធាតុប្រែប្រួល ទឹក ភ្លៀងបង្អោរជាច្រើនមេ ធ្លាក់ឥតស្រាកស្រាល បង្កឲ្យតំបន់ជាច្រើន នៃសង្កាត់ទាំង៣ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បាន​រង​ការ​ជន់​លិច​ទឹក​ភ្លៀង​ដែល​មិន​ធ្លាប់មាន ខណៈដំណក់ទឹកភ្លៀងធ្លាក់ឥតដាច់គ្រាប់រយៈ ពេល៣ថ្ងៃនេះ បណ្ដាលឱ្យលំនៅដ្ឋាន និងផ្លូវថ្នល់ជាច្រើនខ្សែ ស្ថិត នៅក្នុងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និង​សង្កាត់​ស្ទឹងវែង បានកំពុងរងការជន់លិចយ៉ាងខ្លាំង ស្រប​ពេល​បរិមាណ​ទឹក​ភ្លៀងហូរ​ធ្លាប់​ច្រើន ធ្វើឲ្យប្រព័ន្ធលូ ហូររំដោះទឹកមិនទាន់ តំបន់ខ្លះប្រព័ន្ធរំដោះទឹកតូច។

ប្រជាពលរដ្ឋរស់នៅក្នងសង្កាត់ស្មាច់មាន ជ័យ និងសង្កាត់ដងទង់ លើកឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៤ថា ផ្ទះរបស់ពួកគាត់ត្រូវបានទឹកលិចទាំងក្នុង និងក្រៅរយៈពេល២-៣ថ្ងៃហើយ ដែលនាំ​ឱ្យ​ពិបាក​រស់នៅ ពិសេសសត្វអសេរពិលជាច្រើនទៀត។
ពលរដ្ឋ​ដដែល ស្នើសុំឱ្យអាជ្ញាធរខេត្តកោះ កុង និងមន្ទីរជំនាញ ចុះពិនិត្យ​ទីតាំង​ដែល ប្រ​ឈម​នឹង​ការ​លិច​លង់អំឡុងពេលរដូវវស្សានេះ ដើម្បីរំដោះទឹកចេញទៅតាមប្រឡាយធម្មជាតិ ឬប្រព័ន្ធ​បង្ហូរ​ទឹក​នានា។

ទាក់ទិនបញ្ហាជំនន់ទឹកភ្លៀងនេះ លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ តាមដានយ៉ាងយក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំងចំពោះ​ភូមិ​សាស្រ្ត​របស់​ពលរដ្ឋ​ដែល​ជន់​លិចទឹកខ្លាំង។ មូលហេតុដែលមានជន់លិចលំនៅឋាន និងផ្លូវថ្នល់មួយចំនួន បណ្ដាលមកពីទឹកភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃ ដែលរយៈ ពេល២-៣ ថ្ងៃនេះ បរិមាណ​ទឹក​ភ្លៀង​មាន​ច្រើន​មិន​ធ្លាប់​មា​ន​ទេ ម្យ៉ាងខណៈទឹកសមុទ្រជោឡើងខ្លាំង បណ្ដាលឱ្យប្រព័ន្ធបង្ហូរទឹក មិនអាចបង្ហូររំលោះទឹកបានទាន់ពេល។ ម៉្យាង​ពលរដ្ឋ​មួយ​ចំនួន​កង្វះ​ការ​យល់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម​ឱ្យ​មាន​របៀប​រៀប​រយ ប​ណ្តាល​ឱ្យ​កក​ស្ទះមាត់លូ តែទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចបានចុះស្តារបើកមុខទឹកតាមចំណុចលូស្ទះផងដែរ។

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បានបង្កឲ្យរថយន្ត១គ្រឿង ត្រូវចរន្តទឹកហូរបុកធ្លាក់ក្រឡាប់ចូលក្នុងទឹក ខណៈកំពុងបើកបរឆ្លងផ្លូវ នៅចំណុចស្ពាន១៧៥ លើកំណត់ផ្លូវជាតិលេខ១០  ជាកម្មសិទ្ធិរបស់មេការស្ថាបនាផ្លូវ នេះបើតាមការបញ្ជាក់ពីលោក អន ដាវុធ ប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្ត៕ ដោយ សេន ពិសិដ្ឋ