យោងតាមមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានបាត់បង់ជីវិត ហើយរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែង ខណៈដែលព្យុះ និងភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាននៅអាមេរិកកណ្តាល ដោយភ្លៀងធ្លាក់ឥតឈប់ឈរ បង្កជាទឹកជំនន់នៅតាមទន្លេ បំផ្លាញផ្ទះសម្បែង ធ្វើឲ្យមានបំណាក់ដី និងកាត់ផ្តាច់សហគមន៍ទាំងមូល។
អាជ្ញាធរអែលសាល់វ៉ាឌ័រ កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បាននិយាយថា ចំនួនអ្នកស្លាប់ឥឡូវនេះ បានកើនឡើងដល់ ១៩នាក់ហើយ ក្នុងចំណោមនោះមានកុមារ ៦នាក់ ខណៈមនុស្សជាង ៣.០០០នាក់ នៅតែរស់ក្នុងជម្រកបណ្តោះអាសន្ន។
ចំណែកអាជ្ញាធរកាតេម៉ាឡា នៅថ្ងៃទី២១ ខែមិថុនានោះដែរ បានរាយការណ៍ថា មានមនុស្សស្លាប់ ១០នាក់ ជិត ១១.០០០នាក់ ត្រូវបានជម្លៀសចេញ ជិត ៣៨០នាក់ នៅតែស្ថិតក្នុងជម្រកបណ្តោះអាសន្ន ៣០០នាក់ រងរបួសធ្ងន់ ហើយស្ពានចំនួន ៤កន្លែង ត្រូវបានបំផ្លាញ៕