WHO កោតសរសើរពីកំណែទម្រង់ប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ និងវឌ្ឍនភាពទៅលើវិស័យសុខាភិបាលកម្ពុជា

Oplus_131072

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានសម្តែងនូវក្តីរីករាយ និងកោតសរសើរខ្ពស់អំពី ប្រវត្តិនៃកំណែទម្រង់ប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ និងវឌ្ឍនភាពទៅលើវិស័យសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសចំពោះមន្ទីរពេទ្យកាល់ម៉ែត។

Oplus_131072

ការថ្លែងយ៉ាងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ តបតាមការណែនាំរបស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ក្នុងដំណើរទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា របស់លោកវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា និងគណៈប្រតិភូអង្គការសុខភាពពិភពលោក គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល និងអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។ពិសេសក្នុងឱកាសនោះ ថ្នាក់ដឹកនាំ រួមទាំងសាស្ត្រាចារ្យរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានជម្រាបជូនពីប្រវត្តិនៃមន្ទីរពេទ្យវឌ្ឍនភាព និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងនាមជាមន្ទីរពេទ្យថ្នាក់ជាតិផងដែរ។

លោកវេជ្ជបណ្ឌិតនាយកអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងគណៈប្រតិភូ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផល វឌ្ឍនភាព របស់មន្ទីរពេទ្យផ្ទាល់ ក៏ដូចជាក្រោមការដឹកនាំដោយក្រសួងសុខាភិបាលផងដែរ។ បន្ថែមពីនេះ លោកបានប្តេជ្ញាក្នុងការចូលរួមចំណែកគាំទ្រដល់ប្រព័ន្ធសុខាភិបាល តាមរយៈយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសុខភាពពិភលោក សម្រាប់ឆ្នាំ២០២៥-២០២៨។

ជាចុងក្រោយលោកសាស្ត្រាចារ្យរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់គណៈប្រតិភូអង្គការសុខភាពពិភពលោក ដែលការប្តេជ្ញាចិត្តខ្ពស់ លើកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ បានបន្តជូនគណៈប្រតិភូទាំងអស់ ដើម្បីទស្សនកិច្ច អំពីការផ្តល់សេវាសុខាភិបាល នៅតាមផ្នែកមួយចំនួនដូចជា៖ សេវាពិគ្រោះជំងឺក្រៅ ផ្នែកប្រដាប់រំលាយ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវិទ្យុសាស្ត្រ និងផ្នែកជំងឺមហារីកជាដើម៕