ថៃកំពុងជំរុញផែនការរបស់ខ្លួន ដើម្បីចូលរួមជាសមាជិកក្រុមប្រទេស BRICS

Oplus_131072

(បាងកក)៖ ថ្ងៃព្រហស្បតិ៍នេះ មន្ត្រីក្រសួងការបរទេសថៃ បាននិយាយថា ថៃកំពុងជំរុញផែនការរបស់ខ្លួនក្នុងការក្លាយជាសមាជិកនៃក្រុមប្រទេស BRICS ដែលជាក្រុមសេដ្ឋកិច្ចកំពុងលូតលាស់ ឱ្យបានឆាប់បំផុតនៅក្នុងខែតុលា នៅឯកិច្ចប្រជុំកំពូលបន្ទាប់របស់ប្លុកនេះ នៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២៤។

Oplus_131072

លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ថៃបានដាក់លិខិតបង្ហាញពីបំណងជាផ្លូវការដើម្បីក្លាយជាសមាជិកក្រុមនេះ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី BRICS កាលពីជាងមួយសប្ដាហ៍មុន ហើយសង្ឃឹមថានឹងទទួលបានការឆ្លើយតបជាវិជ្ជមាន ក្នុងគោលបំណងក្លាយជាសមាជិកដំបូងរបស់ក្រុមនេះ មកពីអាស៊ីអាគ្នេយ៍។

លោក Nikorndej បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការចូលរួមជាមួយ BRICS នឹងអនុញ្ញាតឱ្យថៃមានឥទ្ធិពលបន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងដើរតួនាទីយ៉ាងសកម្ម និងរួមចំណែកក្នុងការបង្កើតស្ថាបត្យកម្មសកល។

ថៃផ្តល់សារៈសំខាន់លើការផ្តល់អាទិភាពដល់ពហុភាគីនិយម និងការពង្រឹងតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងឆាកអន្តរជាតិ ដែលស្របនឹងគោលការណ៍ BRICS ហើយការចូលរួមក្នុងក្រុមនេះ ក៏នឹងជួយបង្កើនឱកាសរបស់ប្រទេសនៅលើឆាកអន្តរជាតិផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល៕