(ប៉ារីស)៖ តុលាការបារាំង ក្នុងទីក្រុងប៉ារីស បានបើកសវនាការជំនុំជម្រះលើស្ត្រី២នាក់ កាលពីថ្ងៃពុធ ទី១៩ ខែមិថុនា ជុំវិញការអះអាងមិនពិតថាភរិយារបស់ លោកប្រធានាធិបតីបារាំង Emmanuel Macron គឺលោកស្រី Brigitte Macron ជា «មនុស្សកែភេទ» ដោយបានបង្កជាពាក្យចចាមអារ៉ាមដ៏ចលាចល និងត្រូវបាន សាបព្រោះបន្តពីក្រុមមនុស្សចូលចិត្តសន្និដ្ឋានផ្ដេសផ្ដាស និងក្រុមអ្នកស្ដាំនិយមជ្រុល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រី Brigitte Macron កាលពីឆ្នាំ២០២២ បានដាក់ពាក្យបណ្ដឹងប្ដឹងស្រី្ត២នាក់ទៅតុលាការបារាំង សម្រាប់ការបង្ហោះវីដេអូមួយនៅលើ YouTube កាលពី ខែធ្នូ ឆ្នាំ២០២១ ដោយចោទប្រកាន់ថាលោកស្រី ដំបូងឡើយគឺជាមនុស្សប្រុសម្នាក់ឈ្មោះ ហ្សង់ មីឆែល (Jean-Michel) ហើយបានកែភេទមកជាមនុស្សស្រី។ ការអះអាងបែបនេះត្រូវបានចែករំលែកបន្តយ៉ាងព្រោងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គម តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០២២។
សវនាការស្ដីពីបណ្ដឹងបរិហារកេរ្តិ៍នៅលើកនេះដែរ កើតមានឡើងចំពេលបារាំងកំពុងត្រៀមរៀបចំ ការបោះឆ្នោតសភាមុនអាណត្តិអំពាវនាវដោយលោក Macron ក្រោយគណបក្សរបស់លោក ចាញ់ក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុលក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប។ ស្ត្រីឈ្មោះ Amandine Roy បានបង្ហាញខ្លួនក្នុង សវនាការ នៅទីក្រុងប៉ារីសកាលពីថ្ងៃពុធ ដើម្បីឆ្លើយសំណួរបស់ចៅក្រម ពាក់ព័ន្ធនឹងបទសម្ភាសន៍ដែលស្ត្រីរូបនេះបានធ្វើជាមួយស្ត្រីម្នាក់ទៀតឈ្មោះ Natacha Rey ជាអ្នកសារព័ត៌មានឯករាជ្យម្នាក់ ដែលមិនបានបង្ហាញខ្លួនក្នុងសវនាការទេ ក្រោមហេតុផលមានជំងឺ៕