(បេរូត)៖ ចលនា Hezbollah កាលពីថ្ងៃពុធ ទី១៩ ខែមិថុនា បានគំរាមថាគ្មានកន្លែងណាមួយនៅក្នុងប្រទេសអ៉ីស្រាអែលរួចខ្លួននោះទេ បើសង្រ្គាមផ្ទុះឡើង បន្ទាប់ពី អ៉ីស្រាអែល ប្រកាសថាខ្លួនបានអនុម័តលើផែនការវាយប្រហារលើលីបង់ បង្កឱ្យមានការភ័យខា្លចពីការរីករាលដាលកាន់តែធំនៃសង្រ្គាមនៅហ្កាហ្សា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍ ខណៈភាពតានតឹងនៅឯតំបន់ព្រំដែនរវាងលីបង់ និងអ៉ីស្រាអែលឡើងកម្ដៅកាន់តែខ្លាំង មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានគូសបញ្ជាក់ដូច្នេះថា «គ្មាកន្លែងណាមួយក្នុងទឹកដីអ៉ីស្រាអែល អាចគេចផុតពីមីស៊ីលរបស់យើងឡើយ»។ លោក Nasrallah ក៏បាន គំរាមផងដែរថាប្រទេសស៊ីប អាចនឹងក្លាយជាគោលដៅវាយប្រហាររបស់ក្រុម Hezbollah ប្រសិនបើហ៊ានអនុញ្ញាតឱ្យអ៉ីស្រាអែលប្រើប្រាស់អាកាសយានដ្ឋាន ឬមូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារលើលីបង់។ ប៉ុន្តែ ខាងរដ្ឋាភិបាលស៊ីបបានចេញមុខអះអាងថាខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងសង្រ្គាមនោះទេ ហើយថាអ្វីដែលកំពុងធ្វើ គឺដើម្បីបុព្វហេតុមនុស្សធម៌ក្នុងការផ្ដល់ជំនួយដល់ប្រជាជនក្នុងតំបន់ហ្កាហ្សា តែប៉ុណ្ណោះ៕