(ជីស៉ីនូ)៖ ក្រុមរដ្ឋអាជ្ញានៅក្នុងប្រទេសម៉ុលដាវី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ពួកគេបានបើកសំណុំរឿងព្រហ្មទណ្ឌ ប្រឆាំងអតីតអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធម៉ុលដាវី លោក Igor Gorgan បន្ទាប់ពីមានរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយមួយថា លោកបានធ្វើចារកម្មឱ្យរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤។
កាសែត The Insider បានរាយការណ៍កាលពីសប្តាហ៍មុនថា លោក Gorgan បានបញ្ជូនព័ត៌មានរសើបអំពីប្រទេសម៉ុលដាវី និងប្រទេសជិតខាងអ៊ុយក្រែន ទៅកាន់សេវាស៉ើបការណ៍សម្ងាត់របស់រុស្ស៉ី។ លោក Gorgan ធ្លាប់បម្រើការជាអគ្គសេនាធិការកងទ័ពចាប់ពីឆ្នាំ ២០១៣-២០១៦ និងពីឆ្នាំ ២០១៩-២០២១។ បច្ចុប្បន្ន លោកកាន់តួនាទីជាប្រធានការិយាល័យសន្តិសុខ នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប្រចាំនៅក្នុងរដ្ឋធានី Chisinau។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមរដ្ឋអាជ្ញានិយាយថា លោក Gorgan ជាប់សង្ស័យពីការបញ្ជូនទិន្នន័យមួយចំនួន ទាក់ទងនឹងប្រព័ន្ធការពារជាតិរបស់ម៉ុលដាវី ទៅឱ្យរដ្ឋបរទេស ឬអ្នកតំណាងរបស់ខ្លួន។ បើតាមអ្នកនាំពាក្យនៃការិយាល័យរដ្ឋអាជ្ញា បន្ទាប់ពីមានសេចក្តីរាយការណ៍នោះ លោក Gorgan ត្រូវបានព្យួរពីតំណែងបច្ចុប្បន្នហើយ។
គួរបញ្ជាក់ថា លោក Gorgan មិនបានចេញមកបញ្ជាក់ទេជុំវិញបញ្ហានេះ ហើយ Reuters ក៏មិនអាចទាក់ទងរូបលោក ដើម្បីសុំការអត្ថាធិប្បាយបានដែរ។ ចំណែកភាគីរុស្ស៉ី ក៏នៅមិនទាន់មានការអត្ថាធិប្បាយ៕