(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានបំផ្លាញទូកល្បាតពីរគ្រឿង និងដ្រូនរបស់ក្រុមហ៊ូទី ដែលបាញ់ចេញមកលើតំបន់សមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤។
លោក Yahya Saree អ្នកនាំពាក្យរបស់ហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ និងកំពុងគ្រប់គ្រងទឹកដីភាគច្រើននៃប្រទេសយេម៉ែន និយាយថា ក្រុមរបស់ខ្លួនបានកំណត់គោលដៅលើនាវា Verbena ក្នុងសមុទ្រអារ៉ាប់ ក៏ដូចជានាវាផ្សេងទៀតនៅក្នុងសមុទ្រក្រហម។ ចំណែក ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងថា ការវាយប្រហារមកលើនាវាដឹកទំនិញ Verbena ដែលមានទង់ជាតិ Palau បង្កឱ្យមានភ្លើងឆេះ និងធ្វើឱ្យនាវិកម្នាក់រងរបួសធ្ងន់។ ក្រុមហ៊ូទី ក៏បានបាញ់មីស៉ីលផ្លោងប្រឆាំងនាវាចំនួនពីរគ្រាប់ ចេញពីទឹកដីយេម៉ែនចូលទៅក្នុងសមុទ្រក្រហមផងដែរ ប៉ុន្តែមិនបង្កការខូចខាត ឬបណ្តាលឱ្យមានអ្នករបួសនោះទេ។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានធ្វើប្រតិបត្តិការឆ្លើយតបវិញ។
គួរបញ្ជាក់ថា សកម្មភាពរបស់ក្រុមហ៊ូទី បានបង្អាក់ដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុនខ្លះត្រូវធ្វើដំណើរតាមផ្លូវវៀង និងចំណាយខ្ពស់ នៅជុំវិញអាហ្វ្រិកខាងត្បូង៕