អគ្គលេខាធិការអាស៊ាន ឆ្លៀតជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីអាស៊ាន មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ផ្តើមនៅថ្ងៃនេះ

(សៀមរាប)៖ តបតាមការអញ្ជើញរបស់លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃកម្ពុជា លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) នៅខេត្តសៀមរាប។

នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះដែរ លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ គឺមហួន បានធ្វើការអបអរសាទរប្រទេសកម្ពុជាសម្រាប់ការរៀបចំកិច្ចប្រជុំ AMMSTI-20 នៅឆ្នាំនេះ។

ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីដ៏សំខាន់របស់បញ្ញាសិប្បនិម្មិត ក្នុងការរៀបចំអនាគតរបស់អាស៊ាន និងប្រទេសកម្ពុជា រួមទាំង ការជ្រើសរើសប្រធានបទសម្រាប់កិច្ចប្រជុំនៅឆ្នាំនេះ បញ្ញាសិប្បនិម្មិត៖ តម្រង់ទៅអនាគត ដែលមានលក្ខណៈទាន់ពេលវេលាមានសារៈសំខាន់ ហើយស្របគ្នាជាមួយការផ្តោតសំខាន់របស់អាស៊ាន ដូចបានដាក់ចេញនៅក្នុងផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។ គំនិតផ្តួចផ្តើមទាំងនេះនឹងផ្តល់នូវការលើកទឹកចិត្តជាយុទ្ធសាស្ត្រ ក្នុងការជំរុញសកម្មភាពរួមក្នុងកម្រិតតំបន់ ឆ្ពោះទៅការអភិវឌ្ឍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាស៊ាន។

នៅរសៀលថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឺមហួន បានជួបពិភាក្សាការងារជាមួយលោក Chang Lih Kang រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រទេសម៉ាឡេស៊ី។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានបង្ហាញនូវការត្រៀមខ្លួនរួចរាល់របស់លេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២៥។ លោកអគ្គលេខាធិការអាស៊ាន ក៏បានកោតសរសើរម៉ាឡេស៊ី សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញក្រុមហ៊ុនចាប់ផ្តើមថ្មីៗពាក់ព័ន្ធនឹងប្រព័ន្ធអេកូឡូស៊ី នៅក្នុងអាស៊ាន។

នៅល្ងាចថ្ងៃនេះដែរលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមជប់លៀងសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20)។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន និងបណ្តារដ្ឋមន្ត្រីដែលបានចូលរួម បានជជែកគ្នាផងដែរលើបញ្ហាមួយចំនួន រួមទាំង វឌ្ឍនភាពនៃគំនិតផ្តួចផ្តើម និងគោលនយោបាយពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងតំបន់៕