ព្រឹកថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០

Oplus_131072

(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ដែនដីប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់ខ្មែរ។

Oplus_131072

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ត្រូវបាន​ធ្វើឡើងក្រោមប្រធាន «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅ​អនាគត»។ ទន្ទឹមគ្នានេះ ក៏មានការរៀបចំកិច្ចប្រជុំគណៈកម្មា​ធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំទាំងនេះ នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់​ជំរុញ​កិច្ចសហ​ប្រតិ​បត្តិ​ការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ក្នុងតំបន់ ហើយក្នុងនាម​ជាប្រធានប្តូរវេន កម្ពុជាប្តេជ្ញាជំរុញការបង្កើនសមត្ថ​ភាព​ផ្នែកវិទ្យា​សាស្ត្ររបស់អាស៊ាន និងលើកកម្ពស់​នវានុវត្តន៍​សម្រាប់​ការអភិវឌ្ឍប្រកបដោយ​ចីរភាព។

កិច្ចប្រជុំទាំងនេះ មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង​ជំរុញ​ការ​អនុវត្ត​ផែនការសកម្ម​ភាព​អាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ​២០១៦-២០២៥ (APASTI 2016-2025) ព្រមទាំងពិភាក្សា ដើម្បីរៀបចំផែន​ការសកម្មភាពអាស៊ាន​ផ្នែកវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់​រយៈពេល១០ឆ្នាំបន្ទាប់ (APASTI 2026-2០35)។

ផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាផែនទីបង្ហាញផ្លូវដែលមាន​គោល​ដៅ​ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់អាស៊ាន។ ផែនការនេះបង្ហាញ សកម្មភាពអាទិភាព ដូចជាការបង្កើនសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍, ការកែលម្អការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, និង​ការលើកកម្ពស់ភាពជាដៃគូជាមួយ វិស័យឯកជនជាដើម។ គោលដៅចុងក្រោយនៃផែនការ​សកម្មភាព​អាស៊ាន​ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺដើម្បីទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់។

គម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន​ដូចជាអូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សា​ផងដែរ។ លើសពីនេះ របាយការណ៍ពីស្ថាប័នបុត្រ​សម្ព័ន្ធ និងបណ្តាញផ្សេងៗ ដូចជាក្រុមអ្នក​ជំនាញ​ផ្នែកមាត្រា​សាស្ត្រ បណ្តាញអ្នកវិទ្យាសាស្ត្រវ័យក្មេង​អាស៊ាន និងបណ្តាញអាស៊ាន ស្តីពីសេដ្ឋកិច្ចបៃតងវិលជុំ ក៏ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំនេះផងដែរ៕