(ម៉ានីល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជួបជាមួយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក្នុងទីក្រុងម៉ានីល នៅថ្ងៃចន្ទ ទី៣ ខែមិថុនានេះ និងបានអរគុណដល់លោក Marcos សម្រាប់ការគាំទ្រដល់ទីក្រុងកៀវ និងបញ្ជាក់ពីជំហរច្បាស់ចំពោះសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មេដឹកនាំទាំង២ បានជួបគ្នានៅវិមានប្រធានាធិបតីហ្វីលីពីន ក្នុងទីក្រុងម៉ានីល បន្ទាប់ពីលោក Zelenskiy បានបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើល នៅឯវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្នុងដំណើរទស្សនកិច្ចជាលើកទី២ របស់លោកមកកាន់តំបន់អាស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើង កាលពីឆ្នាំ២០២២មក។
ថ្លែងទៅកាន់លោក Marcos លោក Zelenskiy បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមអរគុណអ្នកសម្រាប់ការអញ្ជើញនេះ ហើយយើងពិតជាអរគុណអ្នកដែលប្រទេសរបស់អ្នកគាំទ្រ ដល់អ៊ុយក្រែន បូរណភាពទឹកដី និងអធិបតេយ្យរបស់យើង»។ លោក Zelenskiy ក៏បានអរគុណលោក Marcos ផងដែរសម្រាប់ការប្រកាន់ជំហរច្បាស់ចំពោះអ៊ុយក្រែន និងសង្រ្គាម របស់រុស្ស៉ីលើទឹកដីអ៊ុយក្រែន។ ជាការឆ្លើយតប លោក Marcos ប្រាប់លោក Zelenskiy វិញថាលោកពិតជាមានកិត្តិយសណាស់ដែលមេដឹកនាំអ៊ុយក្រែន បំពេញទស្សនកិច្ច នៅទីក្រុងម៉ានីល៕