លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងលោក ហ៊ុន ម៉ានី ដឹកនាំប្រជុំបូកលទ្ធផលការងារប្រចាំខែ និងលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៤ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត។

អញ្ជើញចូលរួមនាឱកាសនោះ រួមមាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំជាមួយក្រុមការងារដើម្បីបូកលទ្ធផលការងារ និងដាក់ទិសដៅការងារបន្ត ជាពិសេសបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤។

លោកបានកោតសរសើរ និងថ្លែងអំណរគុណចំពោះ សមាជិកា សមាជិកា គណបក្សប្រជាជនកម្ពុជា អង្គបោះឆ្នោត ដែលបានពុះពារប្រឹងប្រែងរួមគ្នា បោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ លោកបានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ។

លោក ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងសូមអោយគណៈបញ្ជាការ យកចិត្តទុកដាក់ និងបន្តអនុវត្ត គោលនយោបាយភូមិ- ឃុំមានសុវត្ថិភាព ដើម្បីថែរក្សាសុខសុវត្ថិភាព ជូនប្រជាជន។

លោកក៏បានលើកទឹកចិត្តឲ្យសមាជិកា សមាជិកា ប្រឹងប្រែងផ្សព្វផ្សាយនូវគុណតម្លៃ នៃសុខសន្តិភាព ដោយផ្សាភ្ជាប់នូវទស្សនៈប្រវត្តិសាស្រ្ត ដែលយើងទំាងអស់គ្នា ត្រូវរំលឹក និងមិនគួរបំភ្លេចនូវសោតនាកម្មដែលធ្លាប់កើតមានឡើងឡើយ៕