លោក ពូទីន ទៅដល់ទីក្រុងប៉េកាំង ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយលោក ស៊ី ជីនពីង

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះ ដើម្បីជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលវិមានក្រឹមឡាំងសង្ឃឹមថានឹងពង្រឹងភាពជាដៃគូរវាងប្រទេសទាំង២ ដែលសុទ្ធសឹងជាគូសត្រូវភូមិសាស្ត្រនយោបាយដ៏ធំរបស់ សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិន និងរុស្ស៉ីបានប្រកាសពី «ភាពជាដៃគូគ្មានព្រំដែន» កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតីរុស្ស៉ី បញ្ជាឱ្យកងទ័ពរបស់លោកវាយលុកចូលអ៊ុយក្រែន។ ដោយជ្រើសរើសចិនជាគោលដៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងចាប់តាំងពី ស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិថ្មីមានរយៈពេល៦ឆ្នាំ កាលពីពេលថ្មីៗនេះ លោក ពូទីន ចង់បញ្ជូនសារមួយទៅកាន់ពិភពលោកពីអាទិភាពរបស់លោក និងភាពស៊ីជម្រៅនៃទំនាក់ទំនងជាមួយលោក ស៊ី ជីនពីង។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន Xinhua មុនធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន លោក ពូទីន បានកោតសរសើរលោក ស៊ី ជីនពីង សម្រាប់ការកសាង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៉ី ដោយឈរលើផលប្រយោជន៍ជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ។