រដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងត្រួតពិនិត្យដោះស្រាយបញ្ហាតំបន់អន្ទង់អាំង នៃភ្នំ១៥០០ ឱ្យក្លាយទៅជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន

(ពោធិ៍សាត់)៖ ដោយបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំង នៃភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) នៅស្រុកវាលវែង ឱ្យក្លាយទៅជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងរ៉ែ និងថាមពល រាជធានីភ្នំពេញ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រុមការងារអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គួរជម្រាបជូនថា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យរៀបចំដីប្រវែង៤គីឡូម៉ែត្រ (វ៉ាស់ត្រង់) នៅតំបន់ផ្លូវអន្ទង់អាំង នៃភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទុកជាកន្លែងអភិរក្សព្រៃឈើ សម្រាប់ទេសចរគយគន់ទស្សនា។ ការសម្រេចនេះ ធ្វើឡើងក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធឆ្លងព្រះបទុមចេតិយ នៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ការសម្រេចនេះដែរ គឺធ្វើឡើងក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានសំណូមពរយ៉ាងទទូច ពីសំណាក់ប្រជាជនទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលទាមទារឱ្យរាជរដ្ឋាភិបាល អភិរក្សឱ្យបានដាច់ខាតតំបន់អន្ទង់អាំង ឱ្យទៅជាតំបន់ប៉ៃតងឡើងវិញ។

ជាមួយគ្នានោះ សម្ដេចក៏សូមឱ្យពិនិត្រឡើងវិញ ដើម្បីកែសម្រួល អភិវឌ្ឍកម្រិតណា ក្នុងប្រវែងដី៤គីឡូម៉ែត្រ (វ៉ាស់ត្រង់) និងវ៉ាស់តាមខ្សែផ្លូវជិត១០គីឡូម៉ែត្រ ហើយសងខាងត្រូវទុកជាតំបន់អភិរក្សធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ និងទេសចរមកពីក្នុងស្រុក និងក្រៅស្រុករាប់លាននាក់ ទៅទស្សនានៅតំបន់ភ្នំ១៥០០។ បន្ថែមពីនោះ សម្តេចក៏បានប្រគល់ភារកិច្ចជូន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីដឹកនាំក្រុមការងារអន្តរក្រសួង ធ្វើការដោះស្រាយបញ្ហាផ្លូវអន្ទង់អាំងនេះ ឱ្យទទួលបានជោគជ័យ។

យ៉ាងណាមិញ ឆ្លងកាត់កិច្ចប្រជុំកន្លងមក ជាមួយប្រជាពលរដ្ឋជាង ៩០គ្រួសារ និងក្រុមការងារអន្តរក្រសួង ដែលធ្វើឡើងជាលើកទី៣ហើយនោះ យើងឃើញថា មានប្រជាពលរដ្ឋប្រមាណជិត ៧០% បានផ្តិតមេដាយ យល់ព្រមប្រគល់តំបន់អភិរក្សផ្លូវអន្ទង់អាំងជូនរដ្ឋវិញ។ ដោយឡែកនៅសេសសល់ ប្រជាពលរដ្ឋប្រមាណ ៣០%ទៀត គឺនៅមិនទាន់ឯកភាពប្រគល់ដី ដែលពួកគាត់កាន់កាប់ដោយខុសច្បាប់ នៅក្នុងដែនឧទ្យានជាតិ ជូនរដ្ឋវិញនៅឡើយ ដែលពួកគាត់អាចប្រឈមផ្លូវច្បាប់ នៅថ្ងៃខាងមុខ។ ជាការសំណូមពររបស់ក្រុមការងារអន្តរក្រសួង សូមឱ្យប្រជាពលរដ្ឋភាគតិច កុំចាញ់បោកតាមញុះញ៉ុងរបស់មជ្ឈដ្ឋានមួយចំនួន ហើយទទួលយកតាមមតិភាគច្រើន ក៏ដូចជាការសំណូមពររបស់ប្រជាជនទូទាំងប្រទេស ដែលចង់ឃើញតំបន់ផ្លូវអន្ទង់អាំង នៃភ្នំ១៥០០ ទុកជាកន្លែងអភិរក្សព្រៃឈើ សម្រាប់ទេសចរគយគន់ទស្សនាទៅថ្ងៃអនាគត៕