នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Fico ឆ្លងផុតដំណាក់កាលវះកាត់ដោយជោគជ័យ ក្រោយត្រូវគេបាញ់ប្រហារ ​

(ស្លូវ៉ាគី)៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានឆ្លងផុតដំណាក់កាលវះកាត់ដោយជោគជ័យ បន្ទាប់ពីត្រូវបានគេបាញ់ប្រហារនៅក្នុងការប៉ុនប៉ង ធ្វើឃាតមួយ នៅពេលដែលលោកចេញពីកិច្ចប្រជុំមួយរបស់រដ្ឋាភិបាលកាលពីថ្ងៃពុធ ទី១៥ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ខ្មាន់កាំភ្លើងម្នាក់បានបាញ់សំដៅទៅរកលោក Fico ចំនួន៥គ្រាប់ ដោយបណ្ដាលឱ្យនាយករដ្ឋមន្ត្រីរូបនេះរងរបួសធ្ងន់ និងត្រូវវះកាត់អស់រយៈពេលជាច្រើន ម៉ោងកាលពីល្ងាចថ្ងៃពុធម្សិលមិញ។ ប៉ុន្តែ ជាសំណាងល្អ លោក Fico បានឆ្លងផុតស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីបរិស្ថាន លោក Tomas Taraba ជាមួយការលើកឡើងដូច្នេះថា «ខ្ញុំពិតជារន្ធត់ក្រៃលែង…តែជាសំណាងល្អ មកទល់នឹងពេលនេះតាមដែលខ្ញុំដឹង ការវះកាត់បានដំណើរការទៅដោយរលូន ហើយខ្ញុំអាចសន្និដ្ឋានបានថាលោក (Fico) នៅមានជីវិត និងមិនស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់ អាយុជីវិតនោះទេក្នុងពេលនេះ»

គួរបញ្ជាក់ថា បើតាមលោក Tomas Taraba គ្រាប់កាំភ្លើងមួយគ្រាប់បានទម្លុះពោះរបស់លោក Fico និងគ្រាប់ទី២ ត្រូវចំសន្លាក់។ លោក Fico ត្រូវបានគេ បាញ់ប្រហារនៅក្នុងទីក្រុង Handlova ដោយបុរសម្នាក់មានអាយុ៧១ឆ្នាំ។ ក្រុមមន្ត្រីស្លូវ៉ាគីមួយចំនួនបានអះអាងថាការប៉ុនប៉ងធ្វើឃាតលោក Fico គឺជា ចេតនានយោបាយ។ លោក Fico គឺជាអ្នកនយោបាយម្នាក់ដែលមានទំនោរគំាទ្រលោក ពូទីន និងប្រឆាំងការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន៕