មុនធ្វើទស្សនកិច្ចទៅប៉េកាំង លោក ពូទីន បង្ហាញការគាំទ្រដល់ផែនការសន្តិភាពអ៊ុយក្រែន របស់ចិន

(Reuters)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅព្រឹក ថ្ងៃពុធ ទី១៥ ខែឧសភានេះថា​លោកផ្ទាល់គាំទ្រផែនការ សន្តិភាពរបស់ចិនសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ដ្បិតចិនបានយល់យ៉ាងច្បាស់ពីមូលហេតុនៅពីក្រោយវិបត្តិអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ មុននឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងសប្ដាហ៍នេះ លោក ពូទីន ក៏បានបញ្ជាក់ឡើងវិញដែរថាលោក នៅតែបើកចំហចំពោះកិច្ចសន្ទនា និងកិច្ចចរចាដើម្បីដោះស្រាយបញ្ចប់សង្រ្គាមចាយពេលជាង២ឆ្នាំមកនេះ។ តាមលោក ពូទីន ផែនការរបស់ចិន និងគោលការណ៍លើកឡើង ជាសាធារណៈដោយលោកប្រធានាធិបតី ស៊ី ជីនពីង កាលពីខែមុន បានបង្ហាញពីការយល់ដឹងយ៉ាងច្បាស់ពីមូលហេតុនៃជម្លោះ។ «យើងមានគំនិតវិជ្ជមានលើការវាយតម្លៃ របស់យើងលើផែនការរបស់ចិន ដើម្បីដោះស្រាយវិបត្តិកអ៊ុយក្រែន»។ នេះជាការបញ្ជាក់របស់លោក ពូទីន ដោយបន្ថែមថា «នៅក្នុងទីក្រុងប៉េកាំង ថ្នាក់ដឹកនាំចិនបានយល់ យ៉ាងច្បាស់មូលហេតុ និងពីនិយមន័យភូមិសាស្ត្រនយោបាយសកស»

គួរបញ្ជាក់ថា លោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ វានឹងជាដំណើរទស្សនកិច្ចលើកទី២ របស់លោក ប្រធានាធិបតីរុស្ស៉ី មកកាន់ប្រទេសចិន គិតក្នុងរយៈពេលជាង៦ខែ។ កាលពីខែតុលា ឆ្នាំ២០២៣ លោក ពូទីន បានធ្វើដំណើរមកកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាអន្តរជាតិ ខ្សែក្រវាត់និងផ្លូវ៕